(បន្ទាយមានជ័យ)៖ ជនសង្ស័យជនជាតិខ្មែរចំនួន ៣នាក់ ត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧នេះ ពាក់ព័ន្ធករណីឃុបឃិតជាមួយជនជាតិថៃ ជួញដូរអាវុធឆ្លងដែនខុសច្បាប់។ នេះបើតាមលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានឲ្យដឹងថា កាលពីពេលកន្លងទៅ កម្លាំងសមត្ថកិច្ចថៃចាប់បានមុខសញ្ញាជួញដូរអាវុធជនជាតិថៃចំនួន ៥នាក់ និងដកហូតបានវត្ថុតាងមួយចំនួន រួមមាន កាំភ្លើង DK 82mm ចំនួន២ដើម, កាំភ្លើង DK 81mm ចំនួន១ដើម,គ្រាប់ 82mmចំនួន៣គ្រាប់, ឧបករណ៍បង្កៃគ្រាប់បែក ចំនួន៣ឈុត រួមជាមួយរថយន្តចំនួន៣គ្រឿង និងទូរស័ព្ទចំនួន៦គ្រឿង ដែលជនសង្ស័យអះអាងថា ទិញពីខ្មែរ។
ក្រោយពីទទួលបានព័ត៌មាននេះហើយ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាឲ្យលោកឧត្តមសេនីយ៍ទោ អាត់ ខែម ដឹកនាំកម្លាំងនគរបាលជំនាញការិយាល័យផែនព្រហ្មទណ្ឌ បើកការស៊ើបអង្កេតស្រាវជ្រាវលើកករណីជួញដូរអាវុធឆ្លងដែនទៅប្រទេសថៃ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាបន្ទាន់។
ដោយសហការជាមួយកម្លាំងនគរបាលខេត្តបាត់ដំបង និងមានការដឹកនាំសម្របសម្រួលពីលោក មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យផងនោះ ក្នុងរយៈពេល២ថ្ងៃ កម្លាំងសមត្ថកិច្ចបានឈានដល់ការចាប់ឃាត់ខ្លួនជនជាតិខ្មែរ ចំនួន៣នាក់ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ក្នុងនោះរួមមាន៖
១៖ ឈ្មោះ ជឹម លីន អាយុ៣៦ឆ្នាំ នៅភូមិឈើទាល ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ជាអ្នកទិញ និងនាំយកទៅលក់បន្តឲ្យជនជាតិថៃ ហើយក៏ធ្លាប់រកស៊ីជួញដូរអាវុធចំនួន២លើកមកហើយ។
២៖ ឈ្មោះ យឹម សាវី អាយុ៣៨ឆ្នាំ នៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាអ្នកជួយជញ្ជូនចេញឆ្លងដែន។
៣៖ ឈ្មោះ អប់ វីវៈ ហៅឡេង អាយុ៤៨ឆ្នាំ មុខរបរជាបុគ្គលិកស៊ីម៉ាក់ រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបញ្ជាក់ថាជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងជំនាញ រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នាថ្ងៃនេះហើយ៕