(កំពង់ឆ្នាំង)៖ កម្លាំងរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ផ្សារត្រាច បានស្ទាក់ចាប់រថយន្តដឹកអុសបង្កប់ឈើប្រណិតពីក្រោម ១គ្រឿង នៅលើផ្លូវជាតិលេខ៥ មុខរោងចក្រស្រាបៀរភ្នំពេញ ភូមិស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។
ខណៈនេះ មិនទាន់ដឹងចំនួនជាក់លាក់នៅឡើយទេ ព្រោះកំពុងវាស់វែងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
យុទ្ធនាការបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង ៣៖៥០នាទីទៀបភ្លឺថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ក្រោមបញ្ជាផ្ទាល់ពីលោក ងិន ហ៊ុន ប្រធានមន្ទីរ និងលោក ថោង វណ្ណរីរ៉ាវុទ្ធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងដោយលោក ឯម វិចិត្រ នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច សហការកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយ ដែលមានទីតាំងនៅម្ដុំផ្សារត្រាច។
កម្លាំងរដ្ឋបាលព្រៃឈើ ក្រោយពីទទួលបានសេចក្ដីរាយការណ៍ រថយន្តភិនភាគខាងលើដឹកអុសបង្កប់ឈើធ្នង់ពីក្រោម ដោយឆ្លងកាត់ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ទើបញ្ជាកម្លាំងស្ទាក់ចាប់បានតែម្ដង។
ក្រោយការបង្ក្រាបភ្លាមៗ រថយន្តខាងលើ និងឈើផ្ញើទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលផ្សារត្រាច លុះព្រឹកឡើងថ្ងៃទី២៣ ដដែលនេះ ទើបនាំយកទៅកាន់មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕