(ភ្នំពេញ)៖ ប្អូនប្រុសបង្កើតរបស់លោក កែម ឡី គឺលោក កែម រិទ្ធិសិទ្ធ បានថ្លែងទទូចទៅដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស កុំមានការលាបពណ៌ជុំវិញ ការស្លាប់របស់លោកបណ្ឌិត កែម ឡី និងកុំចោទថា អ្នកនេះអ្នកនោះជាអ្នកនៅពីក្រោយនៃការសម្លាប់លោកបណ្ឌិត កែម ឡី ហើយក៏សូមឲ្យបញ្ឈប់ការ និយាយថា រូបលោក និងក្រុមគ្រួសារកំពុងធ្វើជំនួញលើសពលោកបណ្ឌិត កែម ឡី ផងដែរ។ (សូមស្តាប់កិច្ចសម្ភាសន៍)

លោក កែម រិទ្ធិសិទ្ធ បានថ្លែងទទូចបែបនេះ នៅពេលដែលក្រុមគ្រួសាររបស់លោកទទួលបានថវិកាជាបន្តបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ក្នុងការជួយចេញថ្លៃបបរ និងការចំណាយផ្សេងៗក្នុងពិធីបុណ្យសព ក៏ដូចជាសម្រាប់សាងសង់ចេតិយតាមការអំពាវរបស់លោក កែម រិទ្ធិសិទ្ធ ដោយផ្ទាល់នោះ សរុបទាំងពីរលើកចំនួន ៦ម៉ឺនដុល្លារ។

លោក កែម រិទ្ធិសិទ្ធ បានលើកឡើងថា ការចូលរួមថវិការបស់សម្តេចតេជោ ហ៊ុន សែន គឺជាសទ្ធាដ៏ជ្រះថ្លារបស់សម្តេចសម្រាប់ក្រុមគ្រួសារ និងសម្រាប់សព លោកបណ្ឌិត កែម ឡី ដែលសម្តេចមើលឃើញថា លោកបណ្ឌិតជាកុលបុត្រខ្មែរមានចំណេះដឹងមួយរូប។

លោក កែម រិទ្ធិសិទ្ធ បានអំពាវនាវយ៉ាងដូច្នេះ «យើងខ្ញុំជាតំណាងក្រុមគ្រួសារ គឺសូមផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងប្រទេស និងក្រៅប្រទេស សូមអំពាវនាវកុំលាបពណ៌គ្នា។ បើសិនសម្តេចគាត់ចូលក្នុងការកសាង គឺជាបុណ្យកុសលគាត់បានទទួលទៅវិញទេ អ៊ីចឹងកុំលាបពណ៌គ្នាថា ការចូលរួមកសាងជា គោលបំណងអ្វីមួយ គឺយើងអត់មានទេ»

បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ជួយឧបត្ថម្ភថវិកាសម្រាប់សាងសង់ចេតិយក៏មានមតិមួយចំនួនតូច រួមទាំងព្រះរាជគុណ ប៊ុន ប៊ុនតិញ ដែលអតីតសមាជិក គណៈកម្មការបុណ្យសព ហើយមិនដែលបានយកថវិកាមួយរៀលពីសប្បុរសជនទៅចាត់ចែងសាងសង់ចេតិយនោះ បានលើកឡើងថា លោក កែម រិទ្ធិសិទ្ធ រួមនិងក្រុមគ្រួសារ ដែលមានម្តាយបង្កើតរបស់លោក កែម ឡី គឺលោកស្រី ភោគ សេរ ផងនោះ កំពុងតែធ្វើជំនួញទៅលើសព។

ឆ្លើយតបការលើកឡើងនេះ លោក កែម រិទ្ធិសិទ្ធ បានបញ្ជាក់ថា គ្មាននរណាស្រឡាញ់សាច់ញាតិ ជាពិសេសបងប្រុសរួមផ្ទៃរបស់លោក ជារូបលោក និងក្រុមគ្រួសារ របស់លោកនោះឡើយ។ ដូច្នេះលោកសុំកុំឲ្យមានការលើកឡើងដូច្នោះ ហើយការធ្វើបុណ្យធ្វើចេតិយ ដើម្បីឧទ្ទិសកុសលជូនសព។

លោក កែម រិទ្ធិសិទ្ធ ក៏បានអំពាវនាវដល់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវសិក្សាឲ្យបានច្បាស់ពីការចាត់ចែងធ្វើបុណ្យសព មុននឹងមានសង្ឃដិកាវាយប្រហារលើរូបលោក និងក្រុមគ្រួសារ។

លោក កែម រិទ្ធិសិទ្ធ បានបញ្ជាក់ដូច្នេះ «តាមពិតបងប្អូនមិនមែនជាក្រុមគ្រួសារបងប្អូនអត់ដឹង អត់យល់ពីទុក្ខលំបាកទេ។ ធម្មតាយើងធ្វើបុណ្យ ដើម្បីឧទ្ទិសកុសលជូនគាត់ (លោក កែម ឡី) ហើយបើយើងធ្វើបុណ្យហ្នឹង ដើម្បីជាជំនួញវាបានឧទ្ទិសកុសលអីដល់គាត់។ សូមបងប្អូន ដូចជាព្រះអង្គ ប៊ុត ប៊ុនតិញ ក៏ដោយប្រសិនបើព្រះអង្គចង់វិភាគពីការធ្វើបុណ្យធ្វើទាន ឬក៏អ្វីសូមព្រះអង្គចុះមកដល់ក្រុមគ្រួសារ ហើយយើងសួរនាំថា យើងធ្វើអ្វីខ្លះ ចំណាយអ្វីខ្លះ ទើបយើងអាចយកទៅវាយតម្លៃក្នុងការវិភាគរបស់យើងបាន»

សូមបញ្ជាក់ថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន តាមរយៈលោក លឹម ជាវុត្ថា នាយកប្រតិបត្តិ អង្គភាពព័ត៌មាន Fresh News បាននាំយកថវិកាឧបត្ថម្ភរហូតដល់ទៅ ៥ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយសាងសង់ចេតិយរបស់លោកបណ្ឌិត កែម ឡី ដែលគ្រោងចំណាយប្រមាណ ១៧ម៉ឺនដុល្លារអាមេរិក។ នៅថ្ងៃទី១៥ ខែកក្កដា កន្លងទៅសម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាប្រមាណ ១ម៉ឺនដុល្លារផងដែរ សម្រាប់ក្រុមគ្រួសារសពលោក កែម ឡី យកទៅសងថ្លៃបបរ និងការចំណាយផ្សេងៗ ដែលនៅជំពាក់គេក្នុងពិធីបុណ្យសពគម្រប់ខួប១ឆ្នាំ។

ការឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានការអំពាវនាវដោយផ្ទាល់ពីលោក កែម រិទ្ធិសិទ្ធ និងក្រុមគ្រួសារ ស្វែងរកថវិកាសម្រាប់ទូទាត់ការជំពាក់គេ និងដើម្បីសាងសង់ចេតិយបងប្រុស ដែលបានពន្យារពេលសាងសង់ជាង១ឆ្នាំមកហើយនោះ ព្រោះគ្មានថវិកា៕