(កណ្តាល)៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧នេះ កម្លាំងជំនាញការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាមួយអង្គភាពស៉ីម៉ាក់ ចុះដោះគ្រាប់បែកទម្លាក់ពីលើយន្តហោះរបស់អាមេរិក ប្រភេទ MK82 ដែលបន្សល់ទុកពីសម័យសង្រ្គាម ក្នុងទសវត្សរ៍ឆ្នាំ៧០ នៅចំណុចរណ្តៅខ្សាច់ ភូមិក្រូចសើច ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
សមត្ថកិច្ចខេត្តកណ្តាលបានបញ្ជាក់ប្រាប់ Fresh News ថា គ្រាប់បែកដែលទម្លាក់ពីយន្តហោះអាមេរិក ជាប្រភេទ MK82 ទម្ងន់២២៧គីឡូក្រាម ហើយចាប់ពីដើមឆ្នាំ២០១៧មក សមត្ថកិច្ចខេត្តកណ្តាល បានរកឃើញគ្រាប់ប្រភេទនេះ សរុបចំនួន០៨គ្រាប់ហើយ ដោយកម្លាំងស៉ីម៉ាក់បានដោះយកបន្សាបនៅ ទីបញ្ជាការស៉ីម៉ាក់ ខេត្តកំពង់ឆ្នាំង។
សូមជម្រាបថា អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យ ដែលត្រូវបានឯកភាពដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកំទេចពួកយៀកកុង យួនឈ្លានពាន ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺនកន្លែង៕