(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា (U23) ត្រូវការ ៣ពិន្ទុដាច់ខាត ពេលជួប U23 ហ្វីលីពីន នាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃអាទិត្យ ទី២៣ ខែកក្កដានេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងវគ្គសន្សំពិន្ទុពូល J នៃពានរង្វាន់អាស៊ី AFC U23 Championship 2018។
សូមបញ្ជាក់ផងដែរថា ប្រសិនបើកម្ពុជាអាចឈ្នះហ្វីលីពីនមែននោះ កម្ពុជានឹងមាន៤ពិន្ទុ ឈរនៅលេខ៣ ចាំអ៊ុតលទ្ធផលលេខ២ ល្អក្នុងចំណោម១០ពូលផ្សេងទៀត ដែលជ្រើសរើសយក៥ក្រុម ដើម្បីបង្គ្រប់វគ្គ១៦ក្រុម ដោយចិនធ្វើម្ចាស់ផ្ទះ។
នេះជាការប្រកួតលើកទី៣ចុងក្រោយ របស់ក្រុម U23 កម្ពុជា និង U23 ហ្វីលីពីន ក្រោមតម្លៃសំបុត្រចូលទស្សនាផ្ទាល់ ១០០០០រៀល និង ៥០០០រៀល ក្រោយពេល U23 ជប៉ុនកំពូលតារាង ប៉ះក្រុមលេខ២ U23 ចិន នាម៉ោង ៣៖៣០នាទីថ្ងៃអាទិត្យ ខែកក្កដានេះ។
កម្ពុជា ជាក្រុមលេខ៣ក្នុងពូល J ដោយមាន១ពិន្ទ ក្រៅពីស្មើ ០-០ ពេលជួប U23 ចិន និងចាញ់ U23 ជប៉ុន ២-០ គ្រាដែល U23 ហ្វីលីពីន ហាលអាវមុនគេ ក្រោយចាញ់ជប៉ុន ៨-០ មុនចាញ់ចិន ២-០ ឈរនៅបាតតារាង៕