(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក សាយ សារុន នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧នេះ បានសម្រេចចេញដីការបង្គាប់ឲ្យឃុំខ្លួន នាយករងសាលាបឋមសិក្សាវាលស្បូវ ពាក់ព័ន្ធករណីបៀតបៀនកេរ្តិ៍ខ្មាស លើសិស្សស្រីខ្លួនឯង អាយុ១៤ឆ្នាំ បន្ទាប់ពីព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ប្រព្រឹត្តអំពើអាសលើកុមារី អាយុក្រោម១៥ឆ្នាំ»។
នាយករងសាលាបឋមសិក្សារូបនេះ មានឈ្មោះ ឡុង សុខ អាយុ៥០ឆ្នាំ ត្រូវបានឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ បន្ទាប់ពីសង្ស័យប្រព្រឹត្តបទល្មើស កាលពីថ្ងៃទី១៩ ខែកក្កដា នៅទីចាត់ការសាលាបឋមសិក្សាវាលស្បូវ ស្ថិតនៅភូមិតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
ក្មេងស្រីរងគ្រោះបាននិយាយថា មុនពេលកើតហេតុគឺថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ខ្លួនគេ និងមិត្តភក្តិបាននាំគ្នា ទៅលេងក្នុងទីចាត់ការ របស់ជនសង្ស័យ។ ពេលនោះជនសង្ស័យ បានប្រឡែងលេងជាមួយកុមារីរងគ្រោះ និងមិត្តភក្តិ។ បន្ទាប់មកមិត្តភក្តិខ្លួន បានចេញទៅលេងខាងក្រៅ ស្រាប់តែជនសង្ស័យបន្លំចាប់ច្របាច់ដោះ ហើយក្មេងស្រីរងគ្រោះបានទៅកន្លែងស្នាក់នៅវិញ បានប្រាប់អ្នកមើលថែអង្គការសមាគមទឹកដីសន្យា។
បើតាមសមត្ថកិច្ច នៅដំណាក់កាលនេះ ជនសង្ស័យបដិសេធចំពោះការចោទប្រកាន់នេះ ដោយអះអាងថា បានត្រឹមតែប្រឡែងលេងធម្មតាប៉ុណ្ណោះ៕