(ព្រៃវែង)៖ នៅស្នាក់ការគណបក្សប្រជាជនឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅ ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការអនុវត្តចំពោះមុខ និងទិសដៅឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦។​

ពិធីនេះស្ថិតក្រោមអធិបតីភាពលោក ស៊ូ សូវុធ អនុប្រធានក្រុមការងារថ្នាក់ជាតិស្រុកស្វាយអន្ទរ តំណាង លោក នេត សាវឿន ប្រធានក្រុមការងារថ្នាក់ជាតិស្រុកស្វាយអន្ទរ និងស្រុកកញ្រ្ជៀច និងមានការចូលរួមពី លោក ហ៊ូ សាគុណ ប្រធានក្រុមការងារថ្នាក់ជាតិឃុំអង្គរទ្រេត និងឃុំស្វាយអន្ទរ លោកអនុប្រធានក្រុមការ​ងារឃុំ លោក ឌុច គន្ធា អភិបាលស្រុកស្វាយអន្ទរ លោក អ៉ឹម សយ ប្រធានគណៈកម្មាធិការបក្សស្រុកស្វាយអន្ទរ លោកអនុប្រធានគណបក្សស្រុក ក្រុមប្រឹក្សាឃុំ-ភូមិទាំង១៣ សមាជិកគណបក្សនិងប្រជាពលរដ្ឋឃុំអង្គរទ្រេត សរុប២៨៩នាក់។​

កិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយលើខ្លឹមសារសំខាន់៦ ចំនុចរបស់ឯកឧត្តមប្រធានក្រុមការងារ ស្រុកស្វាយអន្ទរ និងស្រុកកញ្រ្ជៀច ដែលបានធ្វើការផ្សព្វផ្សាយកាលពីថ្ងៃទី២២ ខែកក្ដដា នៅស្នាក់ការបក្សស្រុកស្វាយអន្ទរ។ ក្នុងនោះក៏មានការប្រកាសកែសម្រួលក្រុមការងារ តាមបណ្ដាភូមិក្នុងឃុំអង្គរទ្រេតផងដែរ។​

បន្ថែមពីនេះ លោក ស៊ូ សូវុធ អនុប្រធានក្រុមការងារស្រុកស្វាយអន្ទរ បានផ្តាំផ្ញើអោយអាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ និងក្រុមការងារភូមិ-ឃុំ ត្រូវ​យកចិត្តទុកដាក់ពីសុខទុក្ខជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​ដែលមានជីវភាពខ្វះខាត ដោយចុះដល់ខ្នងផ្ទះ ពិសេសត្រូវខិតខំធ្វើអំពើល្អ ។

ទន្ទឹមនោះអាជ្ញាធរមូលដ្ឋាន ត្រូវកែប្រែឥរិយាបទ អត្តចរិក ក្នុងបម្រើសេវាសាធារណៈ ពិសេសសេវាតម្រូវការជូន ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងគ្មានការកោសរូស ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ​ និងមានភាពជឿជាក់មកលើការដឹកនាំរបស់គណបក្សប្រជាជន និងបោះឆ្នោតជូនគណបក្សប្រជាជន នៅពេលខាងមុខនេះ៕