(ភ្នំពេញ)៖ របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា គិតមកដល់ឆមាសទី១ ឆ្នាំ២០១៧នេះ ចំនួនអ្នកដាក់ប្រាក់បញ្ញើបានកើនដល់៤.៨លាននាក់ កើន១១% ខណៈចំនួនអ្នកខ្ចីប្រាក់ បានថយចុះបន្តិចមក ២.៦ លាននាក់ ថយចុះ០.១៦%។
បើតាមរបាយការណ៍របស់ធានាគារជាតិ នៅឆមាសទី១ ឆ្នាំនេះ ប្រាក់បញ្ញើកើនឡើង២៣.៤% (ឆ្នាំលើឆ្នាំ) ដល់៧០.៨ទ្រីលានរៀល ស្មើប្រមាណ៧៦.៥% នៃផលិតផលក្នុងស្រុកសរុប (ផសស)។ ឥណទានកើនឡើង ២០.៤% ដល់ ៧៦.៥ទ្រីលានរៀល ស្មើនឹង៨៣% នៃផសស។ ទ្រព្យសកម្ម បានកើនឡើង២១.៨% ដល់១២៦.៨ ទ្រីលានរៀល ស្មើនឹងប្រមាណ១១៧% នៃផសស)
ធនាគារជាតិបានឲ្យដឹងទៀតថា ចំពោះចំនួនសាខា និងបណ្តាញប្រតិបត្តិការរបស់ធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលផ្តល់ប្រាក់បញ្ញើ និងកម្ចីមានចំនួន២,២៨៦កន្លែង។ ម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិមានរហូតដល់១,៧២២ ម៉ាស៊ីន កើន១៧.៦%។
ធនាគារជាតិបានឲ្យដឹងទៀតថា ឥណទានរបស់គ្រឹះស្ថានធនាគារ បន្តបែងចែកទៅវិស័យចម្បងៗនៃសេដ្ឋកិច្ច៖ ពាណិជ្ជកម្មលក់ដុំនិងរាយ ៣១%, សំណង់ និងអចលនទ្រព្យ ១៥%, គ្រួសារ១៦% និងកសិកម្ម១០%។ ចំណែកឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបែងចែកទៅគ្រួសារ៣២%, កសិកម្ម ២៩%, ពាណិជ្ជកម្ម ១៨% និងសេវាកម្ម១០%៕