(ពោធិ៍សាត់)៖ ស្ពានដែកបេឡេ១ខ្សែ ដែលជាសមិទ្ធផលថ្មីនៅភូមិធ្លក ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ទើបតែសាងសង់រួចកាលពីពេលថ្មីៗនោះ ត្រូវបានបើកសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមវត្តមានលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តពោធិ៍សាត់ ព្រមជាមួយលោកស្រី។
ពិធីសម្ពោធស្ពានថ្មីនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧។
លោក ផាយ ឡេង អភិបាលស្រុកកណ្ដៀង បានឲ្យដឹងថា ស្ពានឆ្លងស្ទឹងធ្លកនេះ ជាស្ពានឈើបានកសាងឡើងតាំងពីឆ្នាំ១៩៦៣ មកម្ល៉េះ ប៉ុន្តែកាលនោះ បានត្រឹមតែដើរឆ្លងប៉ុណ្ណោះ មិនអាចបើករថយន្ដ និងបររទេះគោក្របីបានទេ។
ក្រោយមកស្ពាននេះចេះតែទ្រុឌទ្រោមទៅៗ ហើយជួសជុលជារៀងរាល់ឆ្នាំ តែដោយមានសំណូមពរពីប្រជាពលរដ្ឋក្នុងភូមិ ទើបនៅឆ្នាំ២០១៧នេះ លោក ស៊ុយ សែម និងលោកស្រី ជា ខេង បានឧបត្ថម្ភទាំងស្រុងដោយរុះរើស្ពានឈើចេញ សាងសង់ស្ពានដែកបេឡេជំនួសវិញ។
ស្ពានដែកបេឡេនេះ មានប្រវែង១២ម៉ែត ទទឹង៤ម៉ែត ផ្ទុកទម្ងន់បាន១៥តោន សាងសង់ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កាលពីខែមេសា ឆ្នាំ២០១៧ ហើយបានបញ្ចប់នៅខែកក្កដា និងធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ។
លោក ស៊ុយ សែម មានទឹកចិត្តរំភើបរីករាយ ដោយបានឃើញបងប្អូនប្រជាពលរដ្ឋមកពីភូមិផ្សេងៗមកចូលរួមក្នុងពិធីសម្ពោធស្ពាននៅក្នុងភូមិធ្លក ឃុំស្យានេះ ដែលសបញ្ជាក់ថា បងប្អូនសប្បាយត្រេកអរនឹងសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផលជាច្រើន ដែលបានកសាងកន្លងមក។
លោកបានអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រក្រុមប្រឹក្សាឃុំរបស់គណបក្សប្រជាជនកម្ពុជាដើម្បីបន្តដឹកនាំអភិវឌ្ព្យន៍ភូមិឃុំតទៅទៀត។
ស្ពានដែកបេឡេនេះ នឹងបានជាប្រយោជន៍ដ៏សំខាន់សម្រាប់ការធ្វើដំណើរ និងដឹកកសិផលទៅកាន់ទីផ្សាររបស់ប្រជាពលរដ្ឋទូទៅ ពិសេសប្រជាពលរដ្ឋក្នុងភូមិធ្លក ភូមិព្រៃស្រគុំ ភូមិក្បាលឈើពុក ភូមិក្បាលពាម ភូមិវត្តលាប និងភូមិបឹងចកឃុំស្យានេះតែម្ដង។
ក្នុងឱកាសនោះ លោក ស៊ុយ សែម និងលោកស្រី បានជូនសារុងម្នាក់១ សាប៊ូម្ស៉ៅកន្លះគីឡូក្រាម ថវិកាមួយម៉ឺនរៀល ដល់ប្រជាពលរដ្ឋដែលមកចូលរួមជាង ៦០០នាក់ដោយឡែកសិស្សានុសិស្សជាង ១០០នាក់បន្ថែមសៀវភៅសរសេរ ២ក្បាល និងប៊ិច ២ដើម។