(ភ្នំពេញ)៖ ក្រុមបាល់ទាត់ខណ្ឌពោធិ៍សែនជ័យ បានបង្កការភ្ញាក់ផ្អើលជាខ្លាំង នៅក្នុងពិភពបាល់ទាត់មិនអាជីព បន្ទាប់ពីក្រុមសម្បូរដោយយុវជនមួយនេះ បានលើកពានពាក់កណ្ដាលអាជីពដ៏ធំមួយទៀត គឺពាន KHM Champion League 2017 ក្រោយយកឈ្នះក្រុមដូនពេញអែហ្វស៊ី ដោយលទ្ធផល ២-១ នាជំនួបផ្ដាច់ព្រ័ត្រលើទីលាន KMH កាលពីយប់មិញ ។
លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានក្លឹបផ្ទាល់ បានលើកឡើងថា នេះគឺជាពានទី៣ ដែលក្រុមខ្លួនដណ្ដើមបានក្នុងឆ្នាំ២០១៧នេះ ខណៈពានពីរទៀត រួមមានពាន Soccer League 2017 និងពាន KMH Cup 2017 ។ ទន្ទឹមនឹងការដណ្ដើមបានភាពជោគជ័យដ៏ផុសផុលនេះ លោកបានបង្ហើបថា ខ្លួនគ្មានមហិច្ឆតាឈានទៅលេងក្របខណ្ឌអាជីព ឬលីគកំពូលកម្ពុជាឡើយ ។
អភិបាលខណ្ឌដដែល និយាយថា «សុំទោស ខ្ញុំមិនអាចចូលរួមប្រកួតប្រជែងកម្រិតអាជីពបានទេ ព្រោះការងារមូលដ្ឋាន ក្នុងនាមអាជ្ញាធរត្រូវការចុះមូលដ្ឋានញឹកញាប់ ហើយបើខ្ញុំមកគិតរឿងអភិវឌ្ឍន៍ឲ្យក្លាយជាក្រុមអាជីព គឺទៅមិនរួចទេ ។ នេះគ្រាន់តែជាកីឡាករឲ្យបែកញើស ពិសេសគឺធ្វើឲ្យយុវជនរបស់ខ្ញុំ កុំទៅសេធគ្រឿនញឿន ឬលេងល្បែងអាវាសែជាដើម ។ ចឹងខ្ញុំមិនអាចចូលរួមទៅអាជីពបានទេ» ។
ការលើកឡើងបែបនេះ គឺបន្ទាប់ពីក្រុមពោធិ៍សែនជ័យ ក្រុមដូនពេញ ក្នុងលទ្ធផលដ៏តានតឹងខាងលើ ដើម្បីលើកពាន KHM Champion League 2017 រដូវកាលទី២ ។ ប៉ុន្ដែយ៉ាងណាលោកនៅតែរក្សាជំហរចូលរួមការប្រកួតពាក់កណ្ដាលអាជីព ឬមិនអាជីពផ្សេងៗ ដើម្បីផ្ដល់ឱកាសឲ្យយុវជនរបស់ខ្លួនបានលេងកីឡា ឬអភិវឌ្ឍន៍ក្លាយជាកីឡាករអាជីពនាពេលអនាគត សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅពេលម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ ។
គួរបញ្ជាក់ថា ចំពោះពាន KHM Champion League 2017 បានធ្វើការប្រកួតជម្រុះជាច្រើនខែមកហើយ ដោយមាន ៣២ក្រុមចូលរួម ក្រោមការផ្ដួចផ្ដើមគំនិតរៀបចំរបស់មូលនិធិបាល់ទាត់ KMH នៃក្រុមហ៊ុន ISI Group ។ ជាលទ្ធផលជើងឯកបានទៅក្រុមខណ្ឌពោធិ៍សែនជ័យ ទទួលបានពាន អមដោយប្រាក់រង្វាន់ ១ម៉ឺនដុល្លារ, លេខ២ ក្រុមដូនពេញ ទទួលបានប្រាក់រង្វាន់ ៤ពាន់ដុល្លារ, លេខ៣ បានទៅក្រុមអាណាចក្របៃតង់ ទទួលបានប្រាក់រង្វាន់ ២ពាន់ដុល្លារ និងលេខ៤ ក្រុមឆន្ទៈកីឡាទទួលបានប្រាក់រង្វាន់ ១ពាន់ដុល្លារ៕