ឃោឃៅណាស់! ស្ត្រីវ័យក្មេងម្នាក់ត្រូវជនល្មើស រំលោភរួចសម្លាប់ចោលកណ្តាលវាលស្រែ នៅស្រុកម៉ាឡៃ, សមត្ថកិច្ចស្គាល់អត្តសញ្ញាណ ជនល្មើស កំពុងស្វែងរកចាប់ខ្លួន
23-07-2017 10:34
(បន្ទាយមានជ័យ)៖ ស្ត្រីវ័យក្មេងអាយុ១៨ឆ្នាំម្នាក់ ត្រូវបានជនល្មើសរំលោភរួចសម្លាប់ចោល កណ្តាលវាលស្រែ នៅក្នុងភូមិលង្គ័ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧។
បន្ទាប់ពីទទួលបានការរាយការណ៍ពីករណីនេះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវស្វែងរកភស្តុតាង តាមចាប់ជនល្មើសមកកាត់ទោសតាមច្បាប់។ លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា នៅពេលនេះសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណជនល្មើសហើយ កំពុងស្វែងរកចាប់ខ្លួន។
សូមជម្រាបថា ថ្មីនេះករណីឃាតកម្មសម្លាប់ប្លន់យកម៉ូតូ ក៏បានកើតឡើងនៅក្នុងភូមិសាស្ត្រ ឃុំតាគង់ ស្រុកម៉ាឡៃនេះ ដែលឃាតកម្មផ្ទួនៗនេះ នាំឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ និងភ័យខ្លាចផងដែរ។
ឆ្លើយបតនឹងករណីនេះ សមត្ថកិច្ចកំពុងដុតដៃដុតជើង ស្រាវជ្រាវស្វែងរកមុខសញ្ញា ឃាតក យកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន៕