(សៀមរាប)៖ លោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧នេះថា ករណីយុវជនដែលបង្ហោះរូបភាពធ្លាក់យន្តហោះ ក្នុង Facebook ហើយអះអាងថាកើនឡើងនៅខេត្តសៀមរាបនោះ នឹងត្រូវដោះលែងឲ្យមានសេរីភាពវិញ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧នេះ បន្ទាប់ពីរូបគេបានទទួលស្គាល់កំហុស និងមិនមានចេតនាបង្កភាពចលាចល ក្នុងសង្គមឡើយ គ្រាន់តែធ្វេសប្រហែសមួយពេល និងដោយមានការធានា ពីឪពុកម្តាយរបស់គេផងដែរ។
លោកស្នងការបានបញ្ជាក់ទៀតថា ចំណែកស្ត្រីវ័យក្មេងដែល ជាអ្នកបំរើការលើយន្តហោះ ជាមួយគ្នានឹងយុវជនខាងលើ ត្រូវបានឃាត់ខ្លួនមកសួរនាំតែមួយភ្លេតប៉ុណ្ណោះ ហើយបានឲ្យត្រឡប់ទៅផ្ទះវិញហើយ ព្រោះស្ត្រីវ័យក្មេងរូបនោះ មិនបានបង្ហោះរូបភាពធ្លាក់យន្តហោះនោះទេ ដោយគ្រាន់តែ share រូបភាពបន្តពី Facebook ដើមរបស់ប្រទេសគេប៉ុណ្ណោះ មិនដូចយុវជនខាងលើ ដែលយករូបភាពពី Facebook ស្ត្រីជាអ្នកបម្រើការងារជាមួយគ្នា មកបង្ហោះលើ Facebook របស់ខ្លួន ហើយសរសេរកាឡៃព័ត៌មាន ថាមានធ្លាក់យន្តហោះនៅខេត្តសៀមរាប។
លោកស្នងការបញ្ជាក់ថា «នៅព្រឹកនេះ យុវជនដែលបង្ហោះរូបភាពធ្លាក់យន្តហោះ នឹងត្រូវដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីរូបគេបានសារភាពកំហុស និងគ្មានចេតនាធ្វើឲ្យចលាចលដល់សង្គមឡើយ រូបគេគ្រាន់តែបង្ហោះរូបលេងប៉ុណ្ណោះ ប៉ុន្តែមិននឹកស្មានថា កើតការភ្ញាក់ផ្អើលយ៉ាងដូច្នេះឡើយ ហើយឪពុកម្តាយរបស់រូបគេ ក៏ធ្វើការធានាចំពោះមុខសមត្ថកិច្ចដែរ»។
សូមជម្រាបថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញ ហេតុការណ៍បង្កភាពភ្ញាក់ផ្អើលមួយ បានកើតឡើង នៅពេលយុវជនម្នាក់ ដែលមានគណនេយ្យ Facebook ឈ្មោះ «Bondet Panha Vatanak» បង្ហោះរូបភាពធ្លាក់យន្តហោះ និងសរសេរជាភាសាអង់គ្លេសថា «Aircraft come to completely stop and safe landed at siem reap» ដែលនាំឲ្យមានការបំពុល នូវព័ត៌មានមិនពិត។
ឆ្លើយបតនឹងព័ត៌មានដែលបង្កឲ្យមានភាពភ្ញាក់ផ្អើល និងយល់ច្រឡំយ៉ាងខ្លាំងនេះ មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលកម្ពុជា បានចេញមកទាត់ចោលនូវព័ត៌មានមិនពិតនេះ និងបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំយល់ច្រឡំឲ្យសោះ គឺគ្មានករណីគ្រោះថ្នាក់ធ្លាក់យន្តហោះ ដូចការលើកឡើងក្នុង Facebook ឡើយ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលកម្ពុជា លោក ស៊ីន ចាន់សិរីវត្ថា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ថា ព័ត៌មានដែលថា មានការធ្លាក់យន្តហោះនៅខេត្តសៀម គឺជាព័ត៌មានមិនពិត «It was faked news and untrue sources»។
នៅរសៀលថ្ងៃម្សិលមិញ កម្លាំងនគរបាលបានឃាត់ខ្លួនយុវជន ដែលបង្ហោះរូបភាពនោះ និងឈានដល់ហៅស្ត្រីវ័យក្មេង ដែលជាអ្នកបម្រើការងារជាមួយគ្នាម្នាក់ទៀត មកសួរនាំផងដែរ។ ម្ចាស់ Facebook ដែលបង្ហោះព័ត៌មានមិនពិត ករណីធ្លាក់យន្តហោះនៅខេត្តសៀមរាប ត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ មានឈ្មោះ ផាវ សុជុំ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបំរើលើយន្តហោះ (អូតេស) របស់ក្រុមហ៊ុនស្កាយអង្គរអ៊ែរឡាញ មានទីលំនៅបច្ចុប្បន្ន ភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប និងឈ្មោះ ពន្លឺ លាភា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបំរើលើយន្តហោះ (អូតេស) ក្រុមហ៊ុនស្កាយអង្គរអ៊ែរឡាញ ទីលំនៅបច្ចប្បន្ន ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ជាមួយគ្នានេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលនិយមលេង Facebook មុននឹងបង្ហោះរូបភាព និងពាក្យពេចន៍អ្វីមួយ សូមគិតពិចារណាជាមុនសិន ថាតើរូបភាព ឬខ្លឹមសារនោះ អាចប៉ះពាល់អ្វីខ្លះដល់សង្គម និងខ្លួនឯង៕