(តាកែវ)៖ នៅទីបំផុតថវិកាចំនួន៥ម៉ឺនដុល្លារ ដែលជាការបរិច្ចាគដោយទឹកចិត្តផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីយកទៅសាងសង់ចេតិយជូនសពលោកបណ្ឌិត កែម ឡី ត្រូវបានប្រគល់ជូនដល់ដៃម្តាយ និងប្អូនប្រុសលោកបណ្ឌិតហើយ នៅឯផ្ទះកំណើតទីដែលបញ្ចុះសពលោកបណ្ឌិត កែម ឡី ផ្ទាល់តែម្តង នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ។
ថវិកាទាំង៥ម៉ឺនដុល្លារនេះត្រូវបានលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាព Fresh News និងក្រុមការងារ បានយកទៅប្រគល់ជូនដល់ផ្ទះក្រុមគ្រួសារ លោកបណ្ឌិត កែម ឡី ស្ថិតនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
នៅពេលដែលទទួលថវិកាដ៏ច្រើនបែបនេះ លោកយាយ ភោគ សេ ម្ដាយចាស់ជរារបស់លោកបណ្ឌិត កែម ឡី ពិតជារំភើប ឥតឧបមាររកអ្វីថ្លែងមិនចេញ រលីងរលោងទឹកភ្នែក លើកដៃសំពះថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌ពីសម្ដេចតេជោ ហ៊ុន សែន បើទោះបីពេលខ្លះសម្តេចទទួលរងនូវ ការលាបពណ៌ពីសំណាក់គណបក្សប្រឆាំង ពាក់ព័ន្ធទៅនឹងសំណុំរឿងលោក កែម ឡី ក៏ដោយនោះ តែសម្តេចនៅតែផ្តល់ទឹកចិត្តអាណិតអាសូរ រហូតជួយឧបត្ថម្ភ ថវិកាយ៉ាងច្រើនបែបនេះ។
លោក កែម រិទ្ធីសិទ្ធ ប្អូនប្រុសលោកបណ្ឌិត កែម ឡី បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងអនេកចំពោះទឹកចិត្តដ៏បរិសុទ្ធរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការជួយថវិកាដ៏ច្រើននេះសម្រាប់កសាងចេតិយសពបងប្រុសរបស់លោក ហើយលោកបានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នសម្រាប់ការអំពាវនាវសាងសង់ចេតិយនេះ គឺធ្វើឡើងដោយគណៈកម្មការតូចមួយជាលក្ខណៈក្រុមគ្រួសាររបស់លោកមានគ្នា៥នាក់តែប៉ុណ្ណោះ មិនមែនជាគណៈកម្មការធំបង្កើតមូលនិធីប្រមូលប្រាក់ដែល កាលពីមុននោះទេ ព្រោះគណៈកម្មការធំបានរំលាយអស់ហើយ ដោយម្នាក់ៗដកខ្លួនចេញបណ្តើរៗ។ លោក កែម រិទ្ធិសិទ្ធ បានចាត់ទុកទឹកចិត្តរបស់សម្តេចតេជោ ហ៊ុន សែន គឺជាទឹកចិត្តសណ្តោសប្រណីដ៏ធំធេងបំផុតសម្រាប់ក្រុមគ្រួសារ របស់លោក ដែលក្រុមគ្រួសារលោកទាំងមូលមិនអាចបំភ្លេចបាននោះ ឡើយពេញមួយជីវិតនេះ។
លោក កែម រិទ្ធីសិទ្ធ បានអះអាងយ៉ាងច្បាស់លាស់ថា គ្រួសាររបស់លោកបានពន្យាពេលទុកឲ្យគណៈកម្មការរៀបចំសាងសង់ចេតិយ ប្រមាណមួយឆ្នាំហើយ មិនបានចេញ រូបរាងទេ ហើយជាពិសេសក្រុមគ្រួសាររបស់លោក មិនដែលបានទទួលប្រាក់មួយសេនសោះ ពីគណៈកម្មការដើម្បីរៀបចំធ្វើបុណ្យខួប និងកសាងចេតិយ។ ហើយមូលនិធី កែម ឡី ដែលបានប្រមូលប្រាក់ពីបងប្អូនប្រជាពលរដ្ឋនាពេលកន្លងមកក៏មិនដឹងទៅណាដែរ។ លោក រិទ្ធីសិទ្ធ បានថ្លែងថា សូមកុំចោទ និងមើលងាយគ្រួសាររបស់លោកថា បានធ្វើជំនួញលើពិធីបុណ្យសពរបស់បងប្រុសរបស់លោកឲ្យសោះ។ ដោយគណៈកម្មការធ្វើមិនកើតទើប លោកនិងបងប្អូនធ្វើខ្លួនឯងវិញ។ លោកបញ្ជាក់ថវិកាដែលប្រមូលបានថ្មីៗនេះទទួលបានប្រមាណត្រឹមតែជាង៦ពាន់ដុល្លារ ប៉ុន្តែនៅពេលនេះទទួលបាន៥ម៉ឺនដុល្លារពីសម្តេចទៀត សរុបបានជាង៥៦០០០ដុល្លារ។
សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍បញ្ជាក់តាមអង្គភាពព័ត៌មាន Fresh News ឲ្យដឹងដែរថា ប្រសិនបើក្រុមគ្រួសារសពលោក កែម ឡី រកថវិកាពីសប្បុរសជនជួយមិនបាន ឬថវិកាដែលគណៈកម្មការប្រមូលដើម្បីសាងសង់ជាងមួយឆ្នាំកន្លងមកមិនគ្រប់ចំនួននោះ សម្តេចតេជោ ហ៊ុន សែន នឹងជួយឧបត្ថម្ភថវិកាជាបន្តបន្ទាប់ទៀត រហូតដំណើរការសាងសង់ចេតិយសម្រេចជាស្ថាពរ។
ការសម្រេចផ្តល់ថវិកាជួយកសាងចេតិយសពលោកបណ្ឌិត កែម ឡី ធ្វើឡើងបន្ទាប់ពីលោក កែម រិទ្ធិសិទ្ធ តាមរយៈអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញមុខអំពាវនាវស្វែងរកថវិកា ពីសប្បុរសជននានា ជួយសាងសង់ចេតិយជូនបងប្រុសរបស់លោក បន្ទាប់ពីដំណើរការ សាងសង់ចេតិយនេះ បានពន្យារពេលសាងសង់ អស់រយៈពេលមួយឆ្នាំមកហើយ ព្រោះតែគ្មានថវិកា។
សូមជំរាបថា ថវិកា ៥ម៉ឺនដុល្លារនេះ គឺជាឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន លើកទីពីរ ហើយសម្រាប់ក្រុមគ្រួសារសពរបស់លោកបណ្ឌិត កែម ឡី។ កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចូលបុណ្យថវិកា ១ម៉ឺនដុល្លារផងដែរ សម្រាប់ក្រុមគ្រួសារ លោក កែម ឡី យកទៅទូទាត់ការជំពាក់ថ្លៃបបរ និងការចំណាយផ្សេងៗ ក្នុងពិធីបុណ្យសពគម្រប់មួយឆ្នាំ នៃមរណភាពរបស់លោក កែម ឡី។
ក្រោយមរណភាពរបស់លោក កែម ឡី គេឃើញអ្នកនយោបាយបក្សប្រឆាំង គឺគណបក្សប្រឆាំង ព្រមទាំងអ្នកគាំទ្រមាននិន្នាការប្រឆាំង បានចេញកាងសព ផ្តាច់មុខ ដោយមិនឲ្យអ្នកមាននិន្នការផ្ទុយពីបក្សប្រឆាំង ចូលរួមក្នុងពិធីបុណ្យសពនេះឡើយ ហើយថែមទាំងបានធានាអះអាងរៀបចំចាត់ចែងពិធីបុណ្យសព និងសាងសង់ចេតិយជូនសពលោក កែម ឡី ឲ្យបានស័ក្តិជាបុគ្គលដែលពួកគេគោរព។
តែអ្វីដែលជាការកត់សម្គាល់នោះ អ្វីៗហាក់មិនបានសម្រេចដូចការអះអាងនោះឡើយ ជាក់ស្តែងសូម្បីតែការបុណ្យសពគម្រប់ខួបមួយឆ្នាំ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ ដែលមានការជំពាក់ថ្លៃបបរ និងការចំណាយផ្សេងៗរហូត ៧៨០០ដុល្លារអាមេរិក គេមិនឃើញ អ្នកស្រែកស្រឡាញ់លោក កែម ឡី និងក្រុមបក្សប្រឆាំងចេញជួយដោះស្រាយការខ្វះខាតនេះទេ។
ផ្ទុយទៅវិញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលត្រូវបានក្រុមប្រឆាំងចោទប្រកាន់ និងលាបពណ៌ថាជាអ្នកនៅពីក្រោយ ឃាតកម្មនេះ បែរជាមានក្តីសណ្តោស និងអាណិតអាសូរចំពោះក្រុមគ្រួសារសពរបស់លោក កែម ឡី ហើយបានចូលបុណ្យថវិកា ១ម៉ឺនដុល្លារអាមេរិក សម្រាប់ចាត់ចែង និងទូទាត់ការចំណាយផ្សេងៗ ដែលក្រុមគ្រួសារកំពុងជំពាក់គេក្រោយពិធីបុណ្យ៕