នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងនូវការប្តេជ្ញាចិត្តថា ធនាគារជាតិនៃកម្ពុជា នឹងបន្តលើកកម្ពស់ ប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ អភិវឌ្ឍវិស័យធនាគារ ប្រកបដោយប្រសិទ្ធភាព ភាពរឹងមាំ ភាពប្រកួតប្រជែង និងបំពេញមុខងារធនាគារកណ្តាលចម្បងៗដទៃទៀត ឱ្យមានប្រសិទ្ធភាព ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។
ការថ្លែងនូវការប្តេជ្ញាចិត្តរបស់់លោកទេសាភិបាល ធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៧ របស់ធនាគារជាតិនៃកម្ពុជា នាសាលពិព័រណ៌កោះពេជ្រ ល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ។
ក្នុងឱកាសនោះ លោក ជា ចាន់តូ បានជំរុញឲ្យសមាជិក-សមាជិកាទាំងអស់ អនុវត្តន៍នូវការងារចម្បងៗ ដែលបន្តនៅឆមាសទី២ឆ្នាំ២០១៧នេះ ដូចតទៅ៖
១.ការលើកកម្ពស់ប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ៖
* បន្តអនុវត្តវិធានការលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀលជាលំដាប់ ផ្អែកលើទីផ្សារ និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំគោលនយោបាយ ថ្នាក់ជាតិ ដើម្បីជំរុញការប្រើប្រាស់ ប្រាក់រៀលឱ្យបានទូលំទូលាយ
* បន្តអភិវឌ្ឍទីផ្សារអន្តរធនាគារ និងរូបិយវត្ថុ ដូចជាការជំរុញការប្រើប្រាស់មូលបត្រអាចជួញដូរបាន (NCDs) ប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) និងឧបករណ៍ដទៃទៀត
* បន្តអភិវឌ្ឍទីផ្សារប្តូរប្រាក់ ដើម្បីស្រូបយករូបិយប័ណ្ណ និងផ្គត់ផ្គង់រូបិយវត្ថុទៅក្នុងចរាចរណ៍ឱ្យកាន់តែប្រសើរឡើង
* ដាក់ឱ្យដំណើរការផ្លែតហ្វមធនាគារជាតិនៃកម្ពុជា ឱ្យបានតាមកាលកំណត់
* បន្តពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងការវិនិយោគទុនបម្រុងអន្តរជាតិ ដើម្បីគរពូនទុនបម្រុងឱ្យកើនឡើងជាលំដាប់ សំដៅរួមចំណែកពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ។
២. ចំពោះការងារត្រួតពិនិត្យ៖
* បន្តពង្រឹងការត្រួតពិនិត្យ ដោយផ្អែកលើហានិភ័យនិងទស្សនៈអនាគត ស្របតាមឧត្តមានុវត្តអន្តរជាតិ ជាពិសេសគោលការណ៍ស្នូលបាសែល
* បន្តលើកកម្ពស់ក្របខណ្ឌគតិយុត្តិ និងការត្រួតពិនិត្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទ សំដៅពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ក៏ដូចជាបង្កើនគណនេយ្យភាព និងតម្លាភាពក្នុងវិស័យមីក្រូហិរញ្ញវត្ថុ
* បញ្ចប់ការចុះបញ្ជីប្រតិបត្តិករឥណទានដែលនៅសេសសល់
* តាមដានលើឥទ្ធិពលនៃការដាក់ចេញនូវគោលនយោបាយម៉ាក្រូ និងមីក្រូប្រុងប្រយ័ត្នកន្លងមក ដូចជាអនុបាតក្របខ័ណ្ឌសន្ទនីយភាព និងការដាក់ពិដានអត្រាការប្រាក់
* តាមដានលើវឌ្ឍនភាពនៃដាក់ឱ្យប្រើប្រាស់ផលិតផល និងសេវាហិរញ្ញវត្ថុថ្មីៗ ជាពិសេស បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech)
* បន្តលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុឱ្យបានទូលំទូលាយ និងប្រកបដោយចីរភាព និងបញ្ចប់ការរៀបចំយុទ្ធសាស្រ្តបរិយាប័ន្នហិរញ្ញវត្ថុ
* លើកកម្ពស់ការអប់រំផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន
* បន្តការងារអភិវឌ្ឍន៍គម្រោងបង្កើតប្រព័ន្ធការពារប្រាក់បញ្ញើ
* បន្តពិនិត្យ និងកែលម្អប្រកាសនិងបទប្បញ្ញត្តិ ដែលមានស្រាប់ និងរៀបចំប្រកាសនិងបទប្បញ្ញត្តិថ្មីៗបន្ថែមទៀតឱ្យស្របទៅនឹងការអភិវឌ្ឍនៃវិស័យធនាគារ។
៣. ចំពោះការផ្តល់សេវាធនាគារកណ្តាល៖
* ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Cambodian Shared Switch សម្រាប់សម្រួលដល់ប្រតិបត្តិការទូទាត់អន្តរធនាគារជាមួយនឹងចំណាយប្រតិបត្តិការទាប
* បន្តអភិវឌ្ឍប្រព័ន្ធទូទាត់ដុលភ្លាមៗ (RTGS) ដើម្បីសម្រួលដល់ប្រតិបត្តិការទូទាត់ដែលមានតម្លៃធំ
* បន្តសហការជាមួយក្រុមការងារធនាគារពិភពលោក ក្នុងការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់។
៤. ការពង្រឹងសុវត្ថិភាពបច្ចេកវិទ្យា៖
* ពង្រឹងការអនុវត្តគោលនយោបាយសុវត្ថិភាពបច្ចេកវិទ្យា
* សហការជាមួយនាយកដ្ឋានពាក់ព័ន្ធក្នុងការធ្វើស្វ័យប្រវត្តិកម្មមូលដ្ឋានទិន្នន័យនិងពង្រឹងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និង
* សិក្សាលើការធ្វើទំនើបកម្មបច្ចេកវិទ្យា ដើម្បីប្រើប្រាស់ក្នុងប្រតិបត្តិការធនាគារកណ្តាល។
៥.ចំពោះការគ្រប់គ្រងចរាចរសាច់ប្រាក់៖
* បន្តគ្រប់គ្រងចរាចរណ៍រូបិយវត្ថុដោយផ្គត់ផ្គង់ទៅតាមតម្រូវការ និងឱ្យបានទាន់ពេលវេលា ស្របតាមការរីកចម្រើននៃស្ថានភាពសេដ្ឋកិច្ចនៅតាមតំបន់ និង
* បន្តពង្រឹងការយកចិត្តទុកដាក់ជាប្រចាំលើការគ្រប់គ្រង ថែរក្សា និងធានាការពារសុវត្ថិភាពឃ្លាំងប្រាក់។
៦.ចំពោះការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម៖
* តាមដានលទ្ធផលការវាយតម្លៃអញ្ញមញ្ញ និងផែនការសកម្មភាពកែតម្រូវ
* បន្តលើកកម្ពស់ការយល់ដឹងរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុស្តីពីហានិភ័យការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និង
* ពង្រឹងសមត្ថភាពវិភាគប្រតិបត្តិការ និងការត្រួតពិនិត្យបុគ្គលរាយការណ៍ជាបន្តបន្ទាប់៕