(សៀមរាប)៖ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិច នាល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះថា យុវជនដែលបង្ហោះរូបភាព និងសរសេរក្នុង Facebook របស់ខ្លួនថា មានករណីធ្លាក់យន្តហោះនៅខេត្តសៀមរាប ត្រូវបានកម្លាំង នគរបាលអន្តោប្រវេសន៍ នៅព្រលានយន្តអន្តរជាតិសៀបរាប សហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនយកទៅសួរនាំហើយ។
នាយឧត្តមសេនីយ៍ សុខ ផល បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវហើយកម្លាំងនគរបាលរបស់យើង និងកម្លាំងនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនរូបគេ បានមុននេះបន្តិច ហើយកំពុងសួរនាំនៅស្នងការដ្ឋានខេត្តសៀមរាប»។
ជាមួយគ្នានេះ ស្នងការនគរបាលខេត្តសៀមរាប លោក ទិត្យ ណារ៉ុង បានថ្លែងប្រាប់អង្គភាព Fresh News ថា នៅពេលនេះសមត្ថកិច្ចកំពុងធ្វើការសួរនាំ លើយុវជនដែលបង្ហោះរូបភាពធ្លាក់យន្តហោះ នៅស្នងការដ្ឋានខេត្ត ហើយចំពោះចំណាត់ការយ៉ាងនោះ លោកនឹងសុំគោលការណ៍ពីថ្នាក់លើបន្តទៀត។ លោកស្នងការ បានបញ្ជាក់ថា យុវជននោះ មានឈ្មោះ ផាង សុជុំ គឺជាបុគ្គលិកបម្រើការងារលើយន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៍ Sky Angkor Airlines។
សូមជម្រាបថា ហេតុការណ៍បង្កភាពភ្ញាក់ផ្អើលមួយ បានកើតឡើង នៅពេលយុវជនម្នាក់ ដែលមានគណនេយ្យ Facebook ឈ្មោះ «Bondet Panha Vatanak» បង្ហោះរូបភាពធ្លាក់យន្តហោះ និងសរសេរជាភាសាអង់គ្លេសថា «Aircraft come to completely stop and safe landed at siem reap» ដែលនាំឲ្យមានការបំពុល នូវព័ត៌មានមិនពិតនេះ។
ឆ្លើយបតនឹងព័ត៌មានដែលបង្កឲ្យមានភាពភ្ញាក់ផ្អើល និងយល់ច្រឡំយ៉ាងខ្លាំង ដែលថា មានករណីគ្រោះថ្នាក់ធ្លាក់យន្តហោះ នៅខេត្តសៀមរាប នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នោះ មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលកម្ពុជា បានចេញមកទាត់ចោលនូវព័ត៌មានមិនពិតនេះ និងបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំយល់ច្រឡំឲ្យសោះ គឺគ្មានករណីគ្រោះថ្នាក់ធ្លាក់យន្តហោះ ដូចការលើកឡើងក្នុង Facebook ឡើយ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលកម្ពុជា លោក ស៊ីន ចាន់សិរីវត្ថា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២២ ខែកក្កដានេះថា ព័ត៌មានដែលថា មានការធ្លាក់យន្តហោះនៅខេត្តសៀម គឺជាព័ត៌មានមិនពិត «It was faked news and untrue sources»។
ភ្លាមៗបន្ទាប់ពីយុវជននោះបង្ហោះរូបភាពធ្លាក់យន្តហោះ អ្នកយកព័ត៌មានអង្គភាព Fresh News ធ្វើការទំនាក់ទំនងតាម Facebook ដោយបានសាកសួរជាមួយយុវជនឈ្មោះ «Bondet Panha Vatanak» ដោយផ្ទាល់ ហើយរូបគេនិយាយថា ខ្លួនធ្វើការនៅក្រុមហ៊ុនអាសចរណ៍ និងទទួលបានរូបភាពធ្លាក់យន្តហោះនេះ ពីមិត្តភក្តិ ហើយក៏បង្ហោះរូបនោះលេងក្នុង Facebook ដោយរូបភាពនោះជារូបភាពចាស់ មិនមែនកើតឡើងនៅប្រទេសកម្ពុជានោះទេ។
យ៉ាងណាក៏ដោយនោះ ក្រោយបង្ហោះរូបភាពនេះរួចមួយរយៈពេលខ្លី យុវជនរូបនោះ ក៏បានលុបរូបភាពនោះចូលវិញ និងបានប្តូរនូវរូបភាព Profile របស់ខ្លួនផងដែរ៕