(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅសង្កាត់គោកឃ្លៀង និងសង្កាត់ក្រាំងធ្នង់ ក្នុងខណ្ឌសែនសុខ ជាពិសេសអ្នកដែលមានលំនៅដ្ឋាន តាមបណ្តោយផ្លូវលេខ១៩៦២ បានសាទរ ចំពោះការពង្រីកផ្លូវបន្ថែមទំហំ០៦ម៉ែត្រ ដែលជាក្តីរំពឹងរបស់ពួកគាត់បានរង់ចាំថ្ងៃនេះជាយូរមកហើយ។ សម្រាប់ការចំណាយលើការពង្រីកផ្លូវមួយខ្សែនេះ គឺជាការបរិច្ចាគ របស់អ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី ដែលមានចំនួនរហូតទៅដល់៧០ម៉ឺនដុល្លារ។
ជាក់ស្តែងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ លោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពផ្លូវផ្ទាល់ មុនចាប់ផ្តើមពង្រីក។ លោកអភិបាលខណ្ឌ បានថ្លែងថា «គំរោងនេះ ចំណាយទឹកប្រាក់ប្រមាណ៧០ម៉ឹនដុល្លារ ក្នុងចម្ងាយផ្លូវ៥គីឡូម៉ែត្រ ស្ថាបនាពង្រីកបន្ថែមជាប្រភេទបេតុង ហើយទឹកប្រាក់៧០ម៉ឺនដុល្លារ ដែលជាថវិកាមនុស្សធម៌របស់អ្នកឧកញ៉ា ហុង ពីវ ក្រោមកិច្ចសម្របសម្រួលរបស់អាជ្ញាធរខណ្ឌ»។
ជាមួយគ្នានោះ ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន នៅតាមដងផ្លូវចេញមកស្វាគមន៍អបអរស្ទើរគ្រប់ៗគ្នា និងនិយាយដូចៗគ្នាៗថា «បើដូច្នេះ ផ្លូវនេះ នឹងបន្ថយបានការកកស្ទះកំពុងមានជាប្រចាំ គ្រោះថ្នាក់ចររាចរ លើសពីនេះ ផ្លូវកាន់តែធំ កាន់តែប្រសើរ ពួកគាត់ត្រៀមសហការក្នុងការសម្របសម្រួលនៅពេលដំណើរការ ពង្រីកផ្លូវនឹងចាប់ផ្តើម»។
លោកអភិបាលខណ្ឌ បានថ្លែងបញ្ជាក់បន្ថែមថា ផ្លូវដែលត្រូវពង្រីកនេះ (១៩៦២) គឺផ្តើមពីកែងផ្លូវ២០១១ ផ្សារឈូកមាស រហូតដល់វត្តឈូកវ៉ា ហើយផ្លូវបេតុងដែលមានស្រាប់ ពីវត្តឈូកវ៉ា ដល់ព្រំប្រទល់ទឹកដីខណ្ឌ ពោធិ៍សែនជ័យ មានប្រវែង០៣គីឡូម៉ែត្រ ក៏ស្ថាបនាដោយថវិកាៗមនុស្សធម៌របស់អ្នកឧកញ៉ា ហុង ពីវ ដែរ។
លោកអភិបាលខណ្ឌសែនសុខ បានថ្លែងអំណរគុណដល់អ្នកឧកញ៉ា ហុង ពីវ ដែលមានទឹកចិត្តមនុស្សធម៌ គួរឲ្យគោរពស្រឡាញ់ និងជួយសម្រាលចូលរូមចែករំលែកដល់ការងារ អាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋក្នុង ភូមិ-សង្កាត់របស់ខណ្ឌសែនសុខ។
លោកអភិបាលខណ្ឌ បានបន្តទៀតថា «ថ្ងៃនេះ ពេលនេះ វាផ្ទុយគ្នាស្រឡះពីមុន ព្រោះថា តំបន់នេះត្រូវបានអភិវឌ្ឍ យ៉ាងឆាប់រហ័សទាំង ហេដ្ឋារចនាសម្ព័ន្ធ ប្រឡាយ ផ្លូវដែលមានក្នុងប្លង់ អិលម៉ាប ត្រូវបានកសាង ស្ថាបនា ជាបន្តបន្ទាប់ ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ ហើយការងារនេះ បាននឹងកំពុងអនុវត្តជាប្រចាំ ហើយកត្តាសំខាន់ គឺយើង ទាំងអស់គ្នា ត្រូវមានភារកិច្ច ចូលរួមរក្សាការពារសមិទ្ធិផល កំពុងមានស្រាប់»៕