(សៀមរាប)៖ អារឹស ជាជំងឺម្យ៉ាងដែលធ្វើឱ្យកូនកើតហើយមិនគង់ គឺស្លាប់ទៅវិញក្នុងរយៈពេលខ្លី ឬស្លាប់ភ្លាមៗតែម្តង។ ក្មេងដែលស្លាប់ដូច្នេះ អ្នកស្រុកនិយមហៅថា «អារឹសម្តាយដើម» គឺកូនដែលលួចមកកើតនឹងម្តាយថ្មី (ជាតិនេះ) ដោយមិនប្រាប់ម្តាយដើម (ម្តាយជាតិមុន) ឱ្យដឹង។ ដូច្នេះដើម្បីបញ្ជៀសកុំឱ្យម្តាយដើម យកព្រលឹងកូននោះទៅ (ស្លាប់) គេបានប្រារព្ធពិធីមួយហៅថា «បែងអារឹស»។
បែងអារឹស ជាពិធីអបទេសម្យ៉ាង ដែលធ្វើឡើងដើម្បីឧបកិច្ច ឱ្យកូនកើតអារឹស រស់នៅមានអាយុយឺនយូរតទៅ។ នេះជាជំនឿមួយដែលនៅសេសសល់ ក្នុងតំបន់មួយចំនួននៃឧទ្យានអង្គរ។ អ្នកស្រុកនៅរក្សាជំនឿ និងពិធីនេះតាមភូមិស្រុកខ្លះពេលកូនឈឺ ហើយវានៅតែមានឥទ្ធិពលខ្លាំងក្នុងផ្នត់គំនិតរបស់ពួកគាត់ បើទោះបីពួកគាត់ជឿលើជំនាញគ្រូពេទ្យ ហើយសព្វថ្ងៃវិទ្យាសាស្ត្រផ្នែកសុខាភិបាលមានការរីកចម្រើនខ្លាំងក៏ដោយ ក៏គាត់មិនចោលពិធីនេះដែរ។
តាមការបញ្ជាក់របស់លោកយាយ សយ អាយុ៧៩ឆ្នាំ ជាអ្នករស់នៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាបបានរៀបរាប់ថា គាត់ធ្វើជាអ្នកបែងអារឹសឱ្យគេយូរឆ្នាំមកហើយ ដែលមានរូបស្នងឈ្មោះលោកតាវែង។ លោកយាយបញ្ជាក់ថា ក្មេងដែលមានជំងឺអារឹស គឺដេកកន្ត្រាក់កន្ត្រែង យំមិនឈប់ មិនស៊ី មិនផឹក មិនបៅ ស្គមរីងរៃ។ ភាគច្រើនអារឹសកើតចំពោះក្មេងៗចាប់ពីអាយុ២ខែទៅ៧ឬ៨ខែ ហើយក៏មិនគ្រប់ក្មេងដែរដែលកើតជំងឺនេះ វាក៏កម្រកើតលើក្មេងដែលមានអាយុពី១ឆ្នាំឡើងទៅណាស់។
លោកយាយបន្តទៀត អ្នកស្រុកអង្គរគេជឿជំនឿនេះខ្លាំង ពេលមានក្មេងឈឺក្រៅពីយកទៅពេទ្យហើយ គេតែងអញ្ជើញគាត់ឱ្យទៅបែងអារឹសឱ្យ ហើយភាគច្រើនក៏សមប្រកបផងដែរបន្ទាប់ពីធ្វើពិធីនេះរួច ដោយក្មេងនោះជាសះស្បើយ មានសុខភាពល្អ ហើយអ្នកស្រុកទោះជិតឆ្ងាយដែលមានជំនឿលើការបែងអារឹសនេះ តែងអញ្ជើញលោកយាយឱ្យទៅធ្វើកិច្ចឱ្យជាហូរហែ។ តាមជំនឿតគ្នាមក គេតែងយល់ថា បែងអារឹសជាពិធីមួយដែលធ្វើឡើងឧបកិច្ចដូរកូនគ្នារវាងម្តាយជាតិនេះនិងម្តាយដើមជាតិមុន ដើម្បីឱ្យក្មេងតូចនោះជាសះស្បើយ។ ការធ្វើពិធីនេះមិនប្រកាន់រដូវកាលខែឆ្នាំទេ តែគេកំណត់យកថ្ងៃព្រហស្បតិ៍ វេលាថ្ងៃត្រង់ ហើយធ្វើនៅផ្លូវបំបែកជា៣ឬជា៤តែប៉ុណ្ណោះឯង។
ចំពោះពិធីនេះមានរៀបចំគ្រឿងរណ្តាប់ដូចជា៖ ជម៤ ម្លូរ បារី ស្លា ធូប ផ្កា១ពាន អំបោះដៃ បាយសម្ល មាន់ឆ្កាង មាន់ស្ងោរ កូនង៉ាធ្វើពីដើមចេក ឡានធ្វើពីដើមចេក ត្បាល់ ស្រាស ម្សៅ គ្រឿងក្រអូប។ អ្នកចូលរូបមាននាទីសំខាន់ណាស់នៅក្នុងពិធីនេះ ព្រោះគាត់ជាអ្នកទាក់ទងឆ្លងឆ្លើយនឹងម្តាយដើមរបស់ក្មេងតូចនោះតាមរយៈការចូលរូប ដើម្បីសួរនាំពីឈ្មោះម្តាយដើម ឈ្មោះកូន ទីកន្លែង និងបំណងរបស់ម្តាយនោះ។
ពេលកិច្ចពិធីចាប់ផ្តើម អ្នកចូលរូបក៏បំពេញនាទីឆ្លើយឆ្លងទាក់ទងនឹងម្តាយដើមដោយមានមនុស្សម្នាក់ចាំសួរ ឱ្យដឹងថា មកពីណា ចង់បានអ្វី ឈ្មោះអី្វ កូនឈ្មោះអី្វ ឱ្យធ្វើយ៉ាងម៉េចចំពោះក្មេងនោះ និងដើម្បីសុំចរចាទិញកូនពីម្តាយដើម យកមកឱ្យម្តាយថ្មីចិញ្ចឹម ដោយដូរឈ្មោះថ្មីឱ្យផង។ ពេលដឹងរឿងរ៉ាវអស់ ក៏មានមនុស្សម្នាក់ត្រូវជាសាច់ញាតិក៏បាន ជាអ្នកភូមិក៏បានអង្គុយយោលអង្រឹងច្រៀងបំពេរលួងលោមកូនង៉ាធ្វើពីដើមចេក ដែលបានឆ្លាក់រូបមានមុខមាត់ភ្នែកច្រមុះ ហើយលាបក្រែមម្សៅយ៉ាងស្អាតឱ្យលង់លក់។
ឯអ្នកផ្សេងទៀត ជួយសែនព្រែនបាយសម្ល ស្រាស ទឹកក្រូច បង្អែមចម្អាបឱ្យម្តាយដើមនោះផង ព្រមទាំងអារក្ស អ្នកតាដែលថែរក្សាទីភូមិផងឱ្យបានសេពសោយនិងសូមពរសុំជ័យឱ្យកូនចៅសុខសប្បាយ។ ពេលសែនរួច គេក៏យកសំណែនទៅចោល និងមានម្នាក់ចាំធាក់ត្បាល់ឱ្យបែរមុខទៅត្បូង ព្រមទាំងកញ្ឆក់កូនង៉ាក្នុងអង្រឹងយកទៅចោលផងដែរ រួមជាមួយមាន់ឆ្កាង ឡានធ្វើពីដើមចេកដែលគេសន្មត់ជារបស់លេងរបស់ក្មេងនោះ។ ឯអ្នកយោលអង្រឹងនិងច្រៀងបំពេរកូនមុននោះត្រូវយំស្រែកស្តាយស្រណោះកូនដែលគេកញ្ឆក់ទៅបាត់។ ការធ្វើដូច្នេះ គឺដើម្បីឧបកិច្ចជាការដោះដូរកូនគ្នាតាមរយៈរូបជំនួស ដោយឱ្យម្តាយដើមជាអ្នកយកកូនធ្វើពីដើមចេកទៅវិញ ឯម្តាយជាតិថ្មីនេះ ចិញ្ចឹមកូនពិត។
ក្រោយការដោះដូរកូនគ្នារួចហើយ គេក៏បានធ្វើពិធីហៅព្រលឹងឱ្យកូនដែលឈឺនោះយ៉ាងលន្លង់លន្លោង ដើម្បីឱ្យព្រលឹងរបស់គេមកនៅក្នុងរូបក្នុងអង្គ រួមជាមួយការចងអំបោះនៅដៃរបស់ក្មេងតូចឱ្យគេសុខសប្បាយ មានអាយុយឺនយូរ ហើយចាប់ពីពេលនេះទៅ គឺគេត្រូវប្រើឈ្មោះថ្មី។ ម្យ៉ាងទៀត គេក៏បានយកលុយដែលម្តាយដើមឱ្យជួលចិញ្ចឹមកូននោះមកឱ្យម្តាយជាតិនេះ ឱ្យពួកគេចិញ្ចឹមកូនឱ្យផង ហើយចងដៃឪពុកម្តាយក្មេងតូចនោះផងដែរ ដើម្បីឱ្យពួកគេសុខសប្បាយ នៅថែកូនឱ្យបានល្អ៕