(ភ្នំពេញ)៖ បវរកញ្ញាពិភពលោកប្រចាំឆ្នាំ២០១៦ ជនជាតិអេក្វាឌ័រ កញ្ញា អេនជីឡា បូនីឡា(Angela Bonilla) បានកំពុងធ្វើដំណើរទស្សនកិច្ច នៅក្នុងកម្ពុជា ដែលចាប់ពីថ្ងៃទី១១ ដល់២៥ ខែកក្កដា ឆ្នាំ២០១៧ ក្នុងគោលបំណង ស្វែងយល់អំពីវប្បធម៌ និងការអភិវឌ្ឍរបស់កម្ពុជា ហើយនៅថ្ងៃទី២២កក្កដានេះ ក៏បានអញ្ជើញទៅទស្សនា និងស្វែងយល់ អំពីគម្រោងខុនដូ ឌឹ ហ្គេតវ៉េយ៍(The GATEWAY) ជាគម្រោងអចលនទ្រព្យដ៏ធំនិងល្បីឈ្មោះមួយ។
លោកឧកញ្ញ៉ា លី ឃុនថៃ នាយកប្រតិបត្តិរបស់ The Gateway បានថ្លែងថា បវរកញ្ញាពិភពលោក ប្រចាំឆ្នាំ២០១៦ មកទស្សនា The Gatewayនេះ គឺចង់បង្ហាញថា កម្ពុជាមានការអភិវឌ្ឍស្ទើរគ្រប់វិស័យ ពិសេសវិស័យសំណង់ និងអចលនទ្រព្យ ហើយកម្ពុជា មានសមត្ថភាព កសាងអគារខ្ពស់ៗមិនចាញ់បរទេសឡើយ។ នេះក៏ជាឱកាសមួយបានស្វែងយល់ និងផ្លាស់ប្តូរវប្បធម៌ ទៅវិញទៅមក រវាងកម្ពុជានិងអេក្វាឌ័រ។
លោកឧកញ្ញ៉ាបានគូសបញ្ជាក់ថា`«នេះ ជាមោទនភាព និងកិត្តិយសណាស់ សម្រាប់កម្ពុជា និង The GATEWAY ដែលទទួលវត្តមានបវរកញ្ញាលំដាប់ពិភពលោក ដូច្នេះហើយ តាមរយៈវត្តមានកញ្ញាអេនជីឡា បូនីឡា នាពេលនេះ អាចនឹងជួយទាក់ទាញវិនិយោគិន ឬអតិថិជន ដែលមិនទាន់បានស្គាល់ខុនដូ ឌឹ ហ្គេតវ៉េយ៍ មកចាប់អារម្មណ៍លើគម្រោងនេះ»។
លោកឧកញ៉ា បន្ដថា The Gateway ស្ថិតនៅអគារលេខ៣៦ មហាវិថីសហព័ន្ធរុស្ស៊ី ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់ផ្តើមសាងសង់ និងអភិវឌ្ឍ ដោយក្រុមហ៊ុនTACC (C.R) LTD នៅពាក់កណ្តាលឆ្នាំ២០១៦ ក្រោមការបណ្តាក់ទុន រួមរវាងអ្នកវិនិយោគកម្ពុជា និងសិង្ហបុរី ដោយម្ចាស់គម្រោង មានបទពិសោធន៍ សំណង់ និងអចលទ្រព្យជាង៤០ឆ្នាំ នៅសិង្ហបុរី ហើយបច្ចុប្បន្នមានឈ្មោះក្នុងបញ្ជី Singapore Stock Exchange ។
The Gateway ត្រូវបានហ៊ុព័ទ្ធ ដោយគម្រោងអភិវឌ្ឍន៍សំខាន់ៗផ្សេងៗ ដូចជា ផ្សារទំនើប Parkson ដែលគ្រោងនឹងក្លាយជាផ្សារទំនើបឈានមុខមួយ, គម្រោងអភិវឌ្ឍនៅលើទីតាំងបឹងកក់, និង រថភ្លើងល្បឿនលឿន (MRT) ដំបូងគេបំផុត នៅកម្ពុជា ដែលនឹងចាប់ផ្តើមសាងសង់ នៅឆ្នាំ២០១៧ និង បើកដំណើរការនៅខែមេសា ឆ្នាំ ២០១៨ខាងមុខ ហើយមានចំណតឡាន៧ជាន់ ហាងទំនិញ២ជាន់ អគារលំនៅដ្ឋាន៣៩ជាន់ និងអគារការិយាល័យ៣៦ជាន់ ដោយមានជាន់លំហមេឃ(Sky Terrace) ចំណតឡានក្រោមដី និងបរិក្ខារទូទៅដូចជា អាងហែលទឹក បន្ទប់ស្ប៉ានិងសូណា បណ្ណាល័យ កន្លែងហាត់កីឡា កន្លែងអាំងសាច់ និង សួនច្បារជាដើម។ ហើយគម្រោងនេះ ផ្តោតទៅលើទាំងអតិថិជន ក្នុងស្រុក និងអន្តរជាតិ ដែលភាគច្រើន ជាអ្នកជំនួញ ដោយអតិថិជនអន្តរជាតិ ដែលបានទិញយូនីតរួមមាន សញ្ជាតិសិង្ហបុរី ម៉ាឡេស៊ី ចិន ហុងកុង តៃវ៉ាន់ ឥណ្ឌូនេស៊ី ស្វីស និង កាណាដា។ ភាគរយច្រើននៃយូនីត បានលក់ជូនអតិថិជនរួចហើយ តម្លៃលំនៅដ្ឋានចាប់ផ្តើមពី ជាង១៥ម៉ឺនដុល្លារ និង ការិយាល័យពី ជាង២៥ម៉ឺនដុល្លារឡើងទៅ ៕