(ពោធិ៍សាត់)៖ ពាក់ព័ន្ធករណីសម្លាប់មន្ដ្រីភូមិបាល ស្រុកភ្នំក្រវាញ់ កាលពីចុងខែមិថុនាកន្លងទៅនេះ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ រកឃើញជនដៃដល់ និងបក្ខពួកម្នាក់ទៀតហើយ ដែលជាមនុស្សតែមួយ ជាមួយរឿងប្លន់សម្លាប់ អ្នកបើករថយន្ដតាក់ស៊ីយករថយន្ត Highlander នៅក្រុងពោធិ៍សាត់។
សូមបញ្ជាក់ថា ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែននគរបាលយុត្តិធម៌ ដោយកម្លាំងនគរបាលនាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ និងកម្លាំងនគរបាលនាយកដ្ឋានសន្ដិសុខផ្ទៃក្នុង ព្រមទាំងកម្លាំងនគរបាល ខេត្តពោធិ៍សាត់ ដែលជាម្ចាស់ករណីផងដែរ។
លោកវរសេនីយ៍ឯក ជាវ វិបុល នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះថា ក្រោយបង្ក្រាបបានជនដៃដល់សម្លាប់ប្លន់យករថយន្ដ Highlander នៅក្រុងពោធិ៍សាត់ បានជនសង្ស័យ៣នាក់នោះ មានជនសង្ស័យ២នាក់ ឈ្មោះ សុវណ្ណ ឧត្តម ហៅដំ និងឈ្មោះ រ៉ា ឌីម៉ា ហៅម៉ា បានសារភាពថា ពូកគេជាក្រុមតែមួយសម្លាប់មន្ដ្រីភូមិបាល ស្រុកភ្នំក្រវាញ់ នាពេលកន្លងទៅ។
នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ថា ឈ្មោះ សុវណ្ណ ឧត្តម ហៅដំ ជាជនដៃដល់ និងឈ្មោះ រ៉ា ឌីម៉ា ហៅម៉ា ជាអ្នកកាន់ដាវកាប់ប្រហារទៅលើសម្លាប់ជនរងគ្រោះ ប៉ុន្ដែពួកគេនៅមានគ្នា២នាក់ទៀតកំពុងរត់គេចខ្លួន។ ប៉ុន្ដែទោះជាយ៉ាងណា កម្លាំងនគរបាលជំនាញ នឹងបន្ដធ្វើការងារនេះដោយមិនបណ្ដោយឲ្យក្រុមឃាតកទាំងនេះ រួចខ្លួនបានជាដាច់ខាត។
សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ បន្ទាប់ពីបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងសស្រាក់សស្រាំ កម្លាំងនគរបាលបានចាប់ខ្លួនជនសង្ស័យ២នាក់ ដែលជាបក្ខពួកក្នុងករណីឃាតកម្មដ៏សាហាវមួយនេះ ដោយទី១-ឈ្មោះ កែវ លាង អាយុ២៤ឆ្នាំ រស់នៅភូមិសំរោង ឃុំសំរោង ស្រុកភ្នំក្រវាញ និងទី២-ឈ្មោះ ប៊ុន ភ័ស្ស អាយុ២៣ឆ្នាំ រស់នៅភូមិពេជ្របាន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយពួកគេគឺជាមិត្តភក្តិរបស់ជនរងគ្រោះ និងធ្លាប់មានជម្លោះរឿងម៉ូតូ២គ្រឿង ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន។
សូមរំលឹកថា កាលពីវេលាម៉ោង ៤៖៤០នាទីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ មានហេតុការណ៍ភ្ញាក់ផ្អើល ប្រទះឃើញសពបុរសម្នាក់ មានសភាពស្អុយរលួយ ក្នុងបន្ទប់ផ្ទះជួល ក្នុងភូមិបោះពួយ ឃុំលាច ស្រុកកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយត្រូវបានសមត្ថកិច្ចជំនាញចុះពិនិត្យ និងធ្វើកោសល្យវិច្ច័យឃើញថា ជាករណីឃាតកម្ម ដែលជនរងគ្រោះស្លាប់រយៈពេលជាង៧០ម៉ោងហើយ៕