(ភ្នំពេញ)៖ លោកស្រី ឃួន សុដារី ប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកលើកដែក និងមន្ដ្រីគ្រប់លំដាប់ថ្នាក់របស់ខ្លួន បានប្ដេជ្ញារួមគ្នា បន្ដបម្រើសេវាសាធារណៈ និងដោះស្រាយរាល់សំណូមពរ របស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសិទ្ធិភាពខ្ពស់។

លោកស្រី បានថ្លែងបែបនេះ ក្នុងឱកាស ប្រារព្ធកិច្ចប្រជុំ ស្តីពី ការរៀបចំត្រួតពិនិត្យការងារ ការដោះស្រាយសំណូមពរ ជូនប្រជាពលរដ្ឋ និងការត្រៀមលក្ខណៈ ដណ្តើមជ័យជំនះ នៅឆ្នាំ២០១៨ នៅថ្ងៃទី២២ ខែកក្កដានេះ នាទីនៅស្នាក់ការគណបក្សស្រុកលើកដែក ដែលមានការចូលរួម ពីថ្នាក់ដឹកនាំគណៈពង្រឹងស្រុក ឃុំ ភូមិ មន្ត្រីគណបក្សស្រុក ឃុំ ភូមិ និងប្រធានយុវជន-នារីស្រុក-ឃុំ ។

ទន្ទឹមនឹងនោះ លោកស្រី ឃួន សុដារី បានថ្លែងទៀតថា «ការបម្រើសេវាសាធារណៈ និងដោះស្រាយសំណូមពរនានា ជូនប្រជាពលរដ្ឋ ដោយសុច្ចរិតភាព និងភាពស័ក្កសិទ្ធ នៅតែជាកត្តាចាំបាច់បំផុត ដើម្បីបំពេញនូវសេចក្ដីត្រូវការ និងទុក្ខលំបាករបស់ពួកគាត់ ឲ្យទាន់ពេលវេលា ដែលជាហេតុទាមទារ ឲ្យយើងត្រូវសាមគ្គីភាពគ្នា ប្រឹង​ប្រែងឲ្យអស់ពីលទ្ធភាព»។

លោកស្រីបន្ដថា ក្រុមការងារគណៈពង្រឹង សហការជាមួយគណបក្សមូលដ្ឋាន បន្តខិតខំចុះជួបផ្ទាល់ជាមួយប្រជាជន ហើយសមាជិកបក្ស ប្តេជ្ញាអនុវត្ត ឲ្យបានជោគជ័យ នូវគោលការណ៍ ដែលយើងបានដាក់ចេញ ដោយមានការទទួលខុសត្រូវរួមគ្នា រវាងគណៈពង្រឹង និងគណបក្សមូលដ្ឋាន។

លើសពីនោះលោកស្រី បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីថ្លែងអំណរគុណ របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់មន្ត្រីគណបក្ស គ្រប់លំដាប់ថ្នាក់ ក្នុងស្រុកលើកដែកទាំងមូល ដែលបានជួយឲ្យគណបក្ស ទទួលបានសម្លេងគាំទ្រច្រើនឡើងជាងមុនផងដែរ៕