(ព្រះសីហនុ)៖ លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយនិស្តវៀតណាម បានដឹកនាំគណៈប្រតិភូ ត្រឡប់ទៅមាតុប្រទេសវិញហើយ នៅវេលាម៉ោង៣៖០០ រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ ដោយចេញដំណើរ ពីព្រលានយន្តហោះកងកេង ក្នុងខេត្តព្រះសីហនុ។
ការវិលត្រឡប់ទៅប្រទេសវៀតណាមរបស់លោក ង្វៀន ហ៊្វូជុង នាពេលនេះ បានធ្វើឡើងក្រោយពីលោក និងគណៈប្រតិភូវៀតណាម មកបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ។
នៅក្នុងដំណើរទស្សនកិច្ច រយៈពេល៣ថ្ងៃនេះ លោក ង្វៀន ហ៊្វូជុង បានជួបសំណេះសំណាល ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ហើយបាន ជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។
នៅក្នុងឱកាសនោះលោក ង្វៀន ហ៊្វូជុង ក៏បានចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម ស្តីពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។
នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ង្វៀន ហ៊្វូជុង និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីសម្ពោធ ស្តូបអនុស្សាវរីយ៍មិត្តភាព កម្ពុជា-វៀតណាម នៅខេត្តព្រះសីហនុផងដែរ៕