(ភ្នំពេញ)៖ មជ្ឈមណ្ឌលកម្សាន្ត និងអប់រំ ឃីដ ស៊ីធី (Kid City) បានរៀបចំសិក្ខាសាលាស្ដីពី ការអប់រំ STEM ដែលមានន័យថា វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ។​

សិក្ខាសាលានេះ រៀបចំឡើងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ដោយមានការចូលរួមពី លោកបណ្ឌិត អ៊ឹម កុច រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា, លោកបណ្ឌិត ច័ន្ទ រ័ត្ន ប្រធាននាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ ក្រសួងអប់រំ យុវជន និងកីឡា, លោក ស្តេហ្វិន យូដូវីស៊ីក នាយកប្រតិបត្តិផ្នែកទីផ្សាររបស់ក្រុមហ៊ុន SMART Axiata Mr. David Nutman អគ្គនាយកក្រុមហ៊ុន ព្រូដិនសល(ខេមបូឌា) ឡាយហ្វ៍ អឺសូរ៉ិនស៍ ភីអិលស៊ី លោក Cushel GLEESON អនុប្រធានបេសកកម្មនៃស្ថានទូតអង់គ្លេសប្រចាំទីក្រុងភ្នំពេញ, លោក តាន់ អេលែន នាយកគ្រប់គ្រង នៃអង្គការ ស្ទែម កម្ពុជា និងជាទីប្រឹក្សាផ្នែកកម្មវិធី ស្ទែម នៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងលោកនាយក-នាយិកាចំនួន២៣០នាក់ អញ្ជើញមកពីបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ នៅក្នុងរាជធានីភ្នំពេញផងដែរ។

លោក ម៉េង ហៀង អគ្គនាយកមជ្ឈមណ្ឌលកម្សាន្ត និងអប់រំ ឃីដ ស៊ីធី បានលើកឡើងថា ‌‍‌‍‌‍‌‌‍‌‌‌‌«‍ដោយសារមានការគាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា ស្ថានទូតអង់គ្លេសប្រចាំទីក្រុងភ្នំពេញ និងក្រុមហ៊ុន SMART Axiata ព្រមទាំងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសលកម្ពុជា ដែលតែងតែជួយឧបត្ថម្ភ និងសហការគ្នាកន្លងមក ទើបជំរុញឲ្យមានការផ្សព្វផ្សាយពីសារៈសំខាន់ និងផលប្រយោជន៍នៃ STEM នេះឡើង‌‌‌‌‌‌‌»។

លោក ស្តេហ្វិន យូដូវីស៊ីក នាយកប្រតិបត្តិផ្នែកទីផ្សាររបស់ក្រុមហ៊ុន SMART Axiata បានលើកឡើងថា «ខ្ញុំសង្ឃឹមថាការសហការជាមួយក្រុមហ៊ុន ឃីដ ស៊ីធី និងជួយផ្សព្វផ្សាយ ជំរុញដល់សិស្សានុសិស្ស ឲ្យចាប់អារម្មណ៍លើការសិក្សាមុខវិជ្ជា STEM ឲ្យកាន់តែប្រសើរឡើងដូចគ្នា និងឆាកអន្តជាតិផងដែរ នាពេលអនាគត»។

ក្នុងថ្ងៃនេះ ក៏មានសកម្មភាពពិសេសៗជាច្រើនផងដែរដូចជា៖ សម្ពោធ TVC និងឡានក្រុង(៤៥កៅអី) ចំនួន៤គ្រឿង នៃសាលវិទ្យាសាស្ត្រ ឧបត្ថម្ភពីក្រុមហ៊ុន SMART Axiata ប្រើសម្រាប់ដឹកលោកនាយក នាយិកា និងសិស្សានុសិស្សជាង១០ម៉ឺននាក់ មកទស្សនៈកិច្ច នៅសាលវិទ្យាសាស្រ្តនៃមជ្ឈមណ្ឌលកម្សាន្ត និងអប់រំ ឃីដ ស៊ីធី។

ពិពរណ៍សកម្មភាព STEM ដោយសិស្សានុសិស្សមកពីសាលាបឋមចំនួន៤ អនុវិទ្យាល័យចំនួន៤ និងវិទ្យាល័យចំនួន៤ ដែលមានការឧបត្ថម្ភពីក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតព្រូដិនសលកម្ពុជា។ កម្មវិធីប្រកួត STEM ដោយលោកនាយក-នាយិកា ដែលមានការសម្របសម្រួលដោយបណ្ឌិត ច័ន្ទ រ័ត្ន ប្រធាននាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ នៃក្រសួងអប់រំ យុវជន និងកីឡា។

សូមជម្រាបថា សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ និងពង្រឹងការអភិវឌ្ឍន៍វិស័យអប់រំ STEM ដើម្បីបញ្រ្ជាប លើកទឹកចិត្តដល់លោកនាយក-នាយិកា ចូលរួមសម្របសម្រួលការអប់រំ STEM ឲ្យកាន់តែប្រសើរឡើងនៅតាមសាលាសាធារណៈ ដើម្បីឲ្យសិស្សានុសិស្សបាន យល់ពីសារៈសំខាន់ និងផលប្រយោជន៍នៃ STEM ក្នុងការកសាងអនាគតដ៏រឹងមាំរបស់ពួកគេ និងចូលរួមអភិឌ្ឍន៍ ប្រទេសជាតិយើងឲ្យកាន់តែប្រសើរឡើង៕