(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយពន្យល់ពីដំណើរការនីតិវិធី ចាត់ការលើសំណុំរឿងមួយ ពាក់ព័ន្ធមេ និងកូនតុងទីន ជាច្រើននាក់ បាននាំគ្នាទៅស្រែករិះគន់នៅមុខតុលាការ ដោយសារតែពួកគេ មិនពេញចិត្តចំពោះ ចៅក្រមអនុញ្ញាតឲ្យស្ត្រីជាកូនតុងទីនម្នាក់ នៅក្រៅឃុំ ដោយពួកគេបានចោទប្រកាន់ថា ស៊ីដាច់លុយជាង២៦ម៉ឺនដុល្លារ។
យោងតាមសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា «រឿងនេះ ពាក់ព័ន្ធនឹងករណីរបស់កូនតុងទីន ដែលតុលាការត្រូវដំណើរការ នីតិវិធីឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ លើភស្តុតាងមួយចំនួនទៀត ដើម្បីកំណត់ធាតុផ្សំបទល្មើសព្រហ្មទណ្ឌ ហេតុនេះចៅក្រមស៊ើបសួរ បានសម្រេចមិនឃុំខ្លួន ជនត្រូវចោទ ហើយសម្រេចដាក់ជនត្រូវចោទ ឲ្យស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ និងបន្តចំណាត់ការតាមនីតិវិធី»។
សេចក្តីថ្លែងការណ៍ ក៏បានលើកឡើងថា ចំពោះការស្រែកបំពងសំឡេង ការបំផ្លិចបំផ្លាញទ្រព្យ និងកេណ្ឌកម្លាំង គ្នីគ្នាមកតវ៉ានៅមុខតុលាការពុំមែនជាវិធីដោះស្រាយ ដែលអាចស្វែងរកការពិតបានទេ គប្បីគូភាគីបន្តដោះស្រាយតាមច្បាប់ និងនីតិវិធីជាធរមាន។ ជាមួយគ្នានេះ សាលាដំបូងរាជធានីភ្នំពេញ និងអនុវត្តសមត្ថកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ម៉ត់ចត់ និងតម្លាភាពដើម្បីដោះស្រាយករណីនេះ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។
គួរបញ្ជាក់ថា អ្នកលេងតុងទីនប្រមាណ១០០នាក់ បានមកតវ៉ាមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីលោក សាន សុផាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចអនុញ្ញាតឲ្យស្ត្រីឈ្មោះ ឆាយ គឹមហួយ នៅក្រោឃុំ តែនឹងធ្វើការតាមដានបន្តទៀត។
ស្ត្រីឈ្មោះ ម៉េង សុខហៀង តំណាងអ្នកលេងតុងទីន បានរៀបរាប់ថា ស្ត្រីឆបោក រូបនេះបានចុះឈ្មោះលេងតុងទីន ក្នុងមានខ្សែទី១-តម្លៃ៣០០ដុល្លារ ចុះឈ្មោះលេងប្រាំក្បាល ស្មើនឹងទឹកប្រាក់ ចំនួន៤០.៥០០ ដុល្លារ , ខ្សែរទី២-តម្លៃ ២០០ដុល្លារ ចុះឈ្មោះលេងចំនួន ប្រាំក្បាល ស្មើនឹងទឹកប្រាក់ ចំនួន ៦២០.០០ដុល្លារ , ខ្សែរទី៣- តម្លៃ៥០ដុល្លារ ចុះឈ្មោះលេង ចំនួនប្រាំក្បាល ស្មើនឹងប្រាក់ ចំនួន៧៥០ដុល្លារ, ខ្សែទី៤- តម្លៃ១០ដុល្លារ ចុះឈ្មោះលេងចំនួន២០ក្បាល ស្មើនឹងទឹកប្រាក់ ចំនួន៤៨.៨០០ដុល្លារ. ខ្សែទី៥-តម្លៃ ១០ដុល្លារ ចុះឈ្មោះលេង ចំនួន១៥ក្បាល ស្មើនឹងទឹកប្រាក់ ចំនួន ៧០.៣០០ដុល្លារ និងខ្សែទី៦-តម្លៃ ប្រាំម៉ឺនរៀល ចុះឈ្មោះលេង ចំនួន ១០ក្បាល ស្មើនឹងទឹកប្រាក់ ៤៣.២៥០ ដុល្លារ។
មន្ត្រីនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងពាក់កណ្តាល ឆ្នាំ២០១៦ ស្ត្រីឈ្មោះ ម៉េង សុខហៀង បានរៀបចំប្រមូលគ្នា លេងតុងទីន ក្នងឈ្មោះ ឆាយ គឹមហួយ បានសុំចុះឈ្មោះលេង រួមលេងតុងទីនចំនួន៦ខ្សែ ដោយដាក់ឈ្មោះ ខ្មោចជាច្រើននាក់ បន្ទាប់មកបានដេញយកទាំងអស់ រួចមិនទទួលខុសត្រូវ ដែលមានទឹកប្រាក់ សរុបប្រមាណ ២៦៥.៦០០ ដុល្លារ ទើបប្តឹងទៅកាន់ នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ រហូតដល់ការឃាត់ខ្លួន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ក្រុងភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ប៉ុន្តែរឿងដោះលែង ជាឆន្ទានុសិទ្ធិរបស់តុលាការ។
សូមអានខ្លឹមសារលំអិត នៅក្នុងសេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ខាងក្រោមនេះ៖