(ភ្នំពេញ)៖ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ជា ចាត់តូ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ បានថ្លែងបញ្ជាក់ថា នៅឆមាសទី២ឆ្នាំនេះ សេដ្ឋកិច្ចរបស់កម្ពុជា នឹងនៅតែបន្តរឹងមាំ ហើយសម្រេចបាននូវអត្រាកំណើន៧%ភាគរយ។
ការបញ្ជាក់របស់លោក ជា ចាន់តូ យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែលលោក ធ្វើជាអធិបតីភាពក្នុងឱកាសបើកសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៧ របស់ធនាគារជាតិនៃកម្ពុជា នៅកោះពេជ្រ។
លោកទេសាភិបាលធនាគារជាតិ បានថ្លែងថា នៅក្នុងឆមាសទី១ ឆ្នាំ២០១៧នេះ សេដ្ឋកិច្ចកម្ពុជាទទួលបានអំណោយផល ពីភាពប្រសើរឡើងនៃសេដ្ឋកិច្ចពិភពលោក ហើយភាពប្រសើរនេះ ជាចម្បងដោយសារការបន្ដកើនឡើង នៃកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសអភិវឌ្ឍន៍ ជាពិសេសសហរដ្ឋអាមេរិក តំបន់អឺរ៉ូ និងជប៉ុន ខណៈប្រទេសចិន ល្បឿនកំណើនបានបន្ដថយចុះបន្ដិចបន្ទួចដូចការរំពឹងទុក។
លោកបានបន្ដទៀតថា សកម្មភាពសេដ្ឋកិច្ចចម្បងៗ របស់កម្ពុជាបានបន្ដកើនឡើងយ៉ាងរឹងមាំ នៅក្នុងឆមាសទី១ ឆ្នាំ២០១៧ ហើយវិស័យកាត់ដេរនៅតែបន្ដរួមចំណែកចម្បងក្នុងកំណើន ថ្វីត្បិតតែអត្រាកំណើន បានថមថយបន្ដិចក៏ដោយ ក្នុងពេលដែលវិស័យសំណង់បន្ដមានកំណើនរឹងមាំ ហើយវិស័យទេសចរណ៍ មានសន្ទុះកំណើនគួរឲ្យកត់សម្គាល់។ ចំណែកឯវិស័យកសិកម្ម កំណើនបានបន្ដងើបឡើងទន់ខ្សោយនៅឡើយ។
លោក ជា ចាន់តូ បានថ្លែងថា «ផ្អែកលើស្ថានភាពល្អប្រសើរ នៃសកម្មភាពសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នឹងបន្តបោះជំហានទៅមុខយ៉ាងស្វាហាប់ នៅឆមាសទី២ ដែលអាចធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជា ទទួលបានក្នុងអត្រា៧% នៅឆ្នាំ២០១៧»។
លោកទេសាភិបាលបានបញ្ជាក់ថា ទោះយ៉ាងណា សេដ្ឋកិច្ចកម្ពុជាក៏ប្រឈមនឹងហានិភ័យមួយចំនួន ដែលអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចដែរ ទាំងដោយកត្តាខាងក្រៅ និងកត្តាខាងក្នុង។
កត្តាខាងក្រៅរួមមាន៖ ១៖ ការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិក នឹងអាចកាត់បន្ថយសមត្ថភាពប្រកួតប្រជែង ចំពោះការនាំចេញកម្ពុជា និងអាចមានផលប៉ះពាល់ដល់វិស័យទេសចរណ៍ផងដែរ, ២៖ ភាពមិនច្បាស់លាស់ពីឥទ្ធិពលនៃការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប លើការនាំចេញរបស់កម្ពុជា ទៅអង់គ្លេស និង ការកើនឡើងភាពប្រកួតប្រជែងទំនិញនាំចេញរបស់កម្ពុជា ជាមួយប្រទេសក្នុងតំបន់។ កត្តាខាងក្នុងរួមមាន៖ ការកើនឡើងនៃប្រាក់ឈ្នួលកម្មករ ដែលអាចបង្កើនសម្ពាធលើថ្លៃដើមផលិតកម្ម និងការថយចុះថ្លៃផលិតផលកសិកម្ម និងកសិឧស្សាហកម្មក្នុងស្រុក។
លោក ជា ចាន់តូ បានថ្លែងទៀតថា «ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ អាជ្ញាធរត្រួតពិនិត្យវិស័យធនាគារ និងគ្រប់គ្រងប្រព័ន្ធទូទាត់សងប្រាក់ ធនាគារជាតិនៃកម្ពុជា បានបន្តចូលរួមយ៉ាងសកម្មក្នុងការគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ពិសេសតាមរយៈការចូលរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុ ការអភិវឌ្ឍវិស័យធនាគារ និងការធ្វើទំនើបកម្មប្រព័ន្ធទូទាត់»។
ក្នុងនោះ លោក ជា ចាន់តូ បានដាក់ចេញទិសដៅការងារចម្បងៗ របស់ធនាគារជាតិកម្ពុជារួមមាន៖ ការរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, ការអភិវឌ្ឍវិស័យធនាគារ និងការរក្សាស្ថិរភាពហិរញ្ញវត្ថុ, ការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ និងការលើកម្ពស់សុវត្ថិភាពបច្ចេកវិទ្យា, ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម, ការពង្រឹងកិច្ចសហប្រតិបត្តិការអន្ដរជាតិ និងការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស៕