(ភ្នំពេញ)៖ បន្ទាប់ពីបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ នាយករងសាលាបឋមសិក្សាវាលស្បូវ ពាក់ព័ន្ធករណីបៀតបៀនកេរ្តិ៍ខ្មាសលើសិស្សស្រីខ្លួនឯង អាយុ១៤ឆ្នាំនោះ ត្រូវបានព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ ឲ្យបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅវិញ ដោយរង់ចាំរសៀលទើបធ្វើការសួរនាំ។
មន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារ Fresh Newsថា មូលហេតុដែលព្រះរាជអាជ្ញា ឲ្យបញ្ជូនជនសង្ស័យនេះត្រឡប់ទៅវិញ ក៏ព្រោះតែព្រះរាជអាជ្ញាជាប់រវល់ រង់ចាំពេលថ្ងៃរសៀល បញ្ជូនត្រឡប់មកវិញដើម្បីបន្តការសួរនាំទៀត។
លោក ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅ ថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះថា ពេលនេះជនសង្ស័យកំពុងស្ថិតនៅក្នុងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅនៅឡើយ ដើម្បីរង់ចាំការសម្រេចរបស់លោក សេង ហៀង ដែលជាព្រះរាជអាជ្ញារងកាន់សំណុំរឿងនេះ។
នាយករងសាលាបឋមសិក្សារូបនេះ ឈ្មោះ ឡុង សុខ អាយុ៥០ឆ្នាំ ត្រូវបានឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ បន្ទាប់ពីសង្ស័យប្រព្រឹត្តបទល្មើស កាលពីថ្ងៃទី១៩ ខែកក្កដា នៅចំណុចទីចាត់ការសាលាបឋមសិក្សាវាលស្បូវ ភូមិតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
ក្មេងស្រីរងគ្រោះបាននិយាយថា មុនពេលកើតហេតុគឺថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ក្មេងស្រីនិងមិត្តភក្តិ នាំគ្នាទៅលេងក្នុងទីចាត់ការរបស់ជនសង្ស័យ។ ពេលនោះជនសង្ស័យបានប្រលែងលេងជាមួយកុមារី រងគ្រោះនិងមិត្តភក្តិ។ បន្ទាប់មកមិត្តភក្តិខ្លួន បានចេញទៅលេងខាងក្រៅ ស្រាប់តែជនសង្ស័យបន្លំចាប់ច្របាច់ដោះ ហើយក្មេងស្រីរងគ្រោះ បានទៅកន្លែងស្នាក់នៅវិញ បានប្រាប់អ្នកមើលថែអង្គការសមាគមទឹកដីសន្យា។
បើតាមសមត្ថកិច្ច នៅដំណាក់កាលនេះ ជនសង្ស័យបដិសេធចំពោះការចោទប្រកាន់នេះ ដោយអះអាងថា បានត្រឹមតែប្រឡែងលេងធម្មតាប៉ុណ្ណោះ៕