(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ បានចុះរៀបចំសណ្តាប់ធ្នាប់ តាមកំណាត់ផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានច្បារអំពៅ រហូតដល់ចំណុច វត្តក្តីតាកុយ ឲ្យមានរបៀបរាបរយដល់បងប្អូនប្រជាពលរដ្ឋ រស់នៅអមសងខាងផ្លូវ ដែលយកចំណីផ្លូវសាធារណៈប្រកបអាជីវកម្ម លក់ដូររំលោភមកលើទ្រូងផ្លូវ បង្កភាពកក ស្ទះចរាចរណ៍ បង្កើតជាហានិភ័យគ្រោះថ្នាក់ចរាចរណ៍ ដោយចៃដន្យណាមួយនោះ។
ក្នុងយុទ្ធនាការចុះរៀបចំសណ្តាប់ធ្នាប់នេះដឹកនាំដោយលោក រស់ សុភ័ក្រ អភិបាលរងខណ្ឌច្បារអំពៅ និងលោក ប៊ូ វឌ្ឍនា នាយករងរដ្ឋបាល ដោយបានធ្វើការណែនាំជំហ៊ានដំបូង ដល់ប្រជាពលរដ្ឋឲ្យរើទំនិញ ដែលដាក់តាំងលក់ហៀរមកលើចំណីផ្លូវសាធារណៈ លក់លើចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង។
លោក រស់ សុភ័ក្ត្រ បានបញ្ជាក់ឲ្យដឹងថា «កន្លងមកអាជ្ញាធរខណ្ឌ បានចេញនូវសេចក្តីណែនាំជាច្រើនលើកច្រើនសារ ជម្រាបដល់បងប្អូន ដែលជាអាជីវករប្រកបរបរលក់ដូរ នៅប្របសងខាងផ្លូវជាតិលេខ១ ស្តីពីការមិនអនុញ្ញាតិឲ្យ បងប្អូនយកចំណីផ្លូវសាធារណៈជាកន្លែងប្រកបអាជីវកម្ម ប៉ុន្តែបងប្អូនមិនដែលស្តាប់ និងមិនគោរពទៅតាមការណែនាំ របស់អាជ្ញាធរឡើយ មានតែបន្តដាក់លក់ដូរលើចំណីផ្លូវសាធារណៈជាយ៉ាងអានាធិបតេយ្យទៅវិញ»។
លោកអភិបាលរង បានសង្កត់ធ្ងន់ៗថា គិតចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ អាជ្ញាធរខណ្ឌនឹងចាត់វិធានការក្តៅ លើម្ចាស់អាជីវកម្ម ឬក្រុមអាជីវករដែលនៅតែ បន្តដាក់លក់ដូរបំពាននូវបំរាមហាមឃាត់របស់អាជ្ញាធរ ជាកំហិត។ ដោយក្នុងនោះអាជ្ញាធរ នឹងចាប់ដកយកសម្ភារ និងអីវ៉ាន់លក់ដូររបស់បងប្អូនមករក្សាទុកចោលរយះពេលយូរ នៅសាលាខណ្ឌ ដើម្បីជាធរណីមាន ប៉ុន្តែបើបងប្អូននៅតែផ្កើន នឹងបម្រាមហាមឃាត់នោះ សាលាខណ្ឌនឹងដកហូតអីវ៉ាន់មករក្សាទុក ហើយធ្វើការពិន័យេជាប្រាក់ និងអាចឈានដល់ដំណាក់កាល ចាប់យកមកទុកហើយមិនធ្វើការប្រគល់ជូនវិញតែម្តង ប្រសិនបើបងប្អូនបន្តធ្វើផ្ទុយពីការណែនាំ។
លោកអភិបាលរងក៏បានសង្កត់ធ្ងន់ៗ ចំពោះបញ្ហារថយន្តតាក់ស៊ី ដែលមានការរត់ចាប់ម៉ូយយ៉ាងអាណាធិបតេយ្យ ពាសពេញដងផ្លូវជាតិ ពិសេសនៅចំណុចផ្លូវជាតិលេខ១ គល់ស្ពានព្រះមុន្នីវង្ស ត្រើយខាងកើត ដែលជាបញ្ហារុំារ៉ៃមកជាយ៉ូរ និងជាភាពអាណាធិបតេយ្យក្នុងក្រសែភ្នែកបងប្អូនអ្នកដំណើរ ដែលធ្វើដំណើរឆ្លងកាត់ទីនោះ អាជ្ញាធរខណ្ឌនឹងបញ្ចប់បញ្ហានេះឲ្យ មានប្រសិទ្ធិភាព១០០ភាគរយ។
ក្នុងនោះដែរអាជ្ញាធរខណ្ឌ បានចុះទៅណែនាំបងប្អូនជាអ្នករត់តាក់ស៊ីឲ្យបានយល់ដឹងពីបម្រាមរបស់សាលារាជធានី និងពិសេសពន្យល់ពីភាពអសណ្តាប់ធ្នាប់មួយចំនួន ឲ្យបងប្អូនបានយល់ ហើយស្នើរសុំឲ្យបងប្អូនត្រូវបញ្ឈប់សកម្មភាពនេះតទៅមុខទៀត។ យ៉ាងណាមិញ ប្រសិនបើបងប្អូន មិនគោរពទៅតាមការណែនាំនោះ អាជ្ញាធរនឹង ចាប់ឃាត់រថយន្តបងប្អូនមករក្សាទុកនៅសាលាខណ្ឌ នឹងធ្វើការពិន័យជាប្រាក់ផងដែរ។
ក្នុងនាមអាជ្ញាធរខណ្ឌ លោក រស់ សុភ័ក្ត្រ ក៏សុំធ្វើការស្នើដល់បងប្អូនដែលជាអ្នករត់តាក់ស៊ី និងអាជីវករទាំងអស់ ឲ្យមានការយោគយល់ និងមេត្តាចូលរួមសហការជាមួយកម្លាំង អាជ្ញាធរគ្រប់សកម្មភាពផ្សេងៗ ក្នុងការរៀបចំសណ្តាប់ធ្នាប់ឲ្យខ្ជាប់ខ្ជួនល្អ ដើម្បីរៀបចំនូវសោភ័ណ្ឌភាពដងផ្លូវសាធារណៈ ពិសេសភាពល្អប្រសើរក្នុងរាជធានីភ្នំពេញទាំងមូល ផងដែរ។
អភិបាលរងខណ្ឌច្បារអំពៅ បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការចូលរួមសហការជាមួយអាជ្ញាធរខណ្ឌផងដែរ៕