(ឧត្តរមានជ័យ)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារា សាស្ត្រស្ទឹងស្រែង ស្ថិតនៅក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
ថ្លែងនៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានណែនាំដល់មន្ត្រីបច្ចេកទេស ឲ្យយកចិត្តទុកដាក់បង្វែរទឹកពីស្ទឹងស្រែង យកទៅស្តុកទុកក្នុងអាងត្រពាំងថ្ម ដើម្បីទុកប្រើប្រាស់នា ពេលខាងមុខ។
លោករដ្ឋមន្ត្រីបន្តថា «ដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាប់ៗគ្នា នៅតំបន់ជួរភ្នំដងរ៉ែក បានធ្វើឲ្យទឹកនៅតាមស្ទឹងអូរមួយចំនួន ក្នុងខេត្តឧត្តរមានជ័យ បានជន់ឡើង ហើយហូរចាក់មកស្ទឹងស្រែង។ ឆក់យកឱកាសនេះ យើងត្រូវបង្វែរទឹកជំនន់នេះទៅស្តុកក្នុងអាងត្រពាំងថ្ម ដោយមិនត្រូវបណ្តោយឲ្យទឹកហូរចូល ទៅបឹងទន្លេសាបដោយ អត់ប្រយោជន៍នោះឡើយ»។
លោករដ្ឋមន្ត្រីបន្តទៀតថា «ពេលនេះយើងមានប្រឡាយមេ១ខ្សែ ប្រវែងជាង៤០គម សម្រាប់នាំទឹកផង និងស្រោចស្រពផង។ ដូចនេះដើម្បីជម្រុញការនាំទឹកឲ្យបានកាន់តែឆាប់ លោករដ្ឋមន្ត្រីបានបញ្ជាឲ្យនាយកដ្ឋានវិស្វកម្ម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ចុះសិក្សាជាបន្ទាន់ និងចាត់បញ្ជូនគ្រឿងចក្រ ចុះមកអនុវត្តការងារនេះ ចាប់ពីពេលនេះតទៅ»។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក ដែលអមដំណើរលោករដ្ឋមន្រ្តីនៅតាមខេត្ត បានប្រាប់អង្គភាព Fresh News ថា គម្រោងអភិវឌ្ឍន៍ធនធានទឹក ស្ទឹងស្រែង ត្រូវបានអនុវត្តជា០២ដំណាក់កាល ដោយដំណាក់កាលទី១ ចាប់ផ្តើមពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១២ និងបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ លើទំហំការងារមួយចំនួនដូចជា៖
- សាងសង់ប្រឡាយមេ ចំនួន០២ខ្សែសរុបប្រវែង ៨១,២៩ គ.ម
- សាងសង់ប្រឡាយរង ចំនួន១៨ខ្សែ សរុបប្រវែង៩៣,៤ គ.ម
- ទំនប់បង្ហៀរ០១កន្លែង ប្រវែង៦០០ម៉ែត្រ
- សំណង់សិល្បការ ចំនួន៣៨កន្លែង
- ស្ពានឆ្លងកាត់ប្រឡាយ និងលូទឹក ចំនួន១៣០កន្លែង
បន្ទាប់ពីបានបញ្ចប់ការអនុវត្តជំហានទី១ ដោយជោគជ័យរួចមក ក្រសួងធនធានទឹក និងឧតុនិយម បានបន្តអនុវត្តគម្រោងអភិវឌ្ឍន៍ធនធានទឹក ស្ទឹងស្រែងជំហានទី២។ ការងារជាអាទិភាពនៅក្នុងជំហានទី២នេះ គឺការសាងសង់ទំនប់អាងទឹក១កន្លែង ស្ថិតនៅក្នុងភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលមានសមត្ថភាពស្តុកទឹកបាន២៥៨លានម៉ែត្រគូប។
ក្រោយពេលសាងសង់រួចរាល់ជាស្ថាពរ គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្រែង នឹងផ្តល់ទឹកសម្រាប់យកទៅផ្គត់ផ្គង់ដីស្រែ ជាង២៥.០០០ហិកតា (អាចផលិតស្រូវបាន២ដង ក្នុង ១ឆ្នាំ) ស្ថិតនៅក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ស្រុកស្រីស្នំ ស្រុកក្រឡាញ់ ខេត្តសៀមរាប និងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ បន្ថែមពីលើការស្រោចស្រពខាងលើ និងដើម្បីទាញយកសក្តានុពលទឹកពីស្ទឹងស្រែងមកប្រើប្រាស់ឲ្យអស់លទ្ធភាព ទើបឯកឧត្តមរដ្ឋមន្ត្រី បញ្ជាឲ្យអ្នកបច្ចេកទេសជីកប្រឡាយនាំទឹកបន្ថែម ដើម្បីនាំទឹកមកកាន់អាង ត្រពាំងថ្ម។
សូមជម្រាបជូនថា បន្ទាប់ពីបានធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ បច្ចុប្បន្ន អាងទឹកត្រពាំងថ្ម អាចស្តុកទឹកបានប្រមាណ ៣០០ លានម៉ែត្រគូប និងចែកចាយទឹកទៅតាមប្រឡាយមេ ប្រឡាយរងនានា ដើម្បីស្រោចស្រពលើផ្ទៃដីស្រែវស្សាប្រមាណ ២៥.០០០ ហិកតា ស្រែប្រាំង ១២.០០០ហិកតា និងដំណាំរួមផ្សំមួយចំនួនទៀត៕