(ព្រៃវែង)៖ លោក នេត សាវឿន សមាជិកគណៈ អចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច បានដាក់ទិសដៅផែនការចំពោះមុខ ដល់ក្រុមការងារ អចិន្រ្តៃយ៍បក្ស ប្រធានបក្សឃុំ មេឃុំ យុវជនបក្ស នៃស្រុកស្វាយអន្ទរ និងស្រុកកញ្រ្ជៀច ដើម្បីឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នាពេលខាងមុខទទួលបានជ័យជម្នះ។
នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអនុវត្តចំពោះមុខ និងទិសដៅឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជា ស្រុកស្វាយអន្ទរ លោក នេត សាវឿន បានស្នើឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងក្រុមការងារតាមឃុំ ត្រូវយកចិត្តទុកដាក់ពីសុខទុក្ខជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដោយចុះដល់ខ្នងផ្ទះ ពិសេសត្រូវខិតខំធ្វើអំពើល្អ។
ទន្ទឹមនោះអាជ្ញាធរមូលដ្ឋាន ត្រូវកែប្រែឥរិយាបទ អត្តចរិក ក្នុងបម្រើសេវាសាធារណៈ ពិសេសសេវាតម្រូវការជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងគ្មានការកោសរូស ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ និងមានភាពជឿជាក់មកលើការដឹកនាំរបស់គណបក្សប្រជាជន និងបោះឆ្នោតជូនគណបក្សប្រជាជន នៅពេលខាងមុខនេះ។ ដោយឡែកប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ ពិសេសកន្លែងងាយរងគ្រោះ ដូចជាកន្លែងធ្វើអាជីវកម្មរបស់មានតម្លៃ និងបន្តការចុះអប់រំផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
លោក នេត សាវឿន បញ្ជាក់ថា «ដើម្បីឲ្យសមាជិកបក្សយើងម្នាក់សន្លឹកឆ្នោតមួយ វាទាមទារឲ្យបក្សយើងល្អ បេក្ខជន សមាជិកយើងល្អ និងទាមទារឲ្យយើងកែការខ្វះខាត ទាមទារអំពើល្អរបស់យើង ដើម្បីប្រកួតប្រជែងជាមួយបក្សដទៃ ពិសេសមានសាមគ្គីភាពផ្ទៃក្នុងល្អ»។
លោក នេត សាវឿន បានបន្តថា ក្រុមការងារត្រូវពង្រឹងកិច្ចការធ្វើបច្ចុប្បន្នភាពសមាជិកបក្ស គ្រួសារបក្ស និងប្រជាពលរដ្ឋចំណាក់ស្រុកឲ្យបានច្បាស់លាស់ ពិសេសត្រូវរកអោយឃើញនូវប្រជាពលរដ្ឋដែលមានការលំបាកទីទ័លក្រ ជនពិកា និងទុរគតពិតប្រាកដ ដើម្បីដោះស្រាយជួយពួគគាត់បានទាន់ពេលវេលា ៕