(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា-វៀតណាម បានឆ្លងកាត់ការលំបាក និងភាពប្រឈមរួមគ្នាជាច្រើន នៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាច្រើនដំណាក់កាល។
សម្តេច សាយ ឈុំ បានបន្តថា បច្ចុប្បន្នប្រទេសទាំងពីរកម្ពុជា-វៀតណាម បានឈានចូលទំព័រប្រវត្តិសាស្រ្ត ដោយសម្រេចបានសន្តិភាព បូរណភាពទឹកដី វឌ្ឍនភាព ការអភិវឌ្ឍន៍ និង បានបោះជំហានឈានឆ្ពោះទៅមុខប្រកបដោយភាពជឿជាក់ ក្នុងការរួមចំណែកដ៏សុខសន្តិភាព កិច្ចសហប្រតិបត្តិការ វិបុលភាព ការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ និងពិភពលោក។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបន្ថែមថា កិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-វៀតណាម នាពេលនេះ បានកើនឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាផ្លូវរដ្ឋផ្លូវការជាញឹកញាប់ពីថ្នាក់ដឹកនាំកម្ពុជា-វៀតណាម និងទំនាក់ទំនងល្អលើគ្រប់វិស័យដូចជាវិស័យសេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និងវិទ្យាសាស្រ្ត ក្រៅពីនោះ ក៏មានទំនាក់ទំនងខាងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាន់តែកើនឡើងជាលំដាប់ ហើយក៏មានការដោះស្រាយលើបញ្ហាព្រំដែនស្ទើតែបញ្ចប់ទៅទាំងស្រុងផងដែរ។
ការលើកឡើងរបស់ សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា បានធ្វើឡើង ខណៈសម្តេចអញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ។ នៅក្នុងពិធីនោះ ក៏មានវត្តមានរបស់ លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការបក្សកុម្មុយនីស្ត វៀតណាម និងមន្រ្តីជាន់ខ្ពស់កម្ពុជា-វៀតណាម ជាច្រើនរូបទៀតចូលរួមផងដែរ។
ជាមួយគ្នានោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានរំលឹកឲ្យដឹងថា រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានយកចិត្តទុកដាក់ការពារសិទ្ធិសេរីភាព និងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់ប្រជាជន ជំរុញការគោរពរដ្ឋធម្មនុញ្ញា និងច្បាប់ជាធរមានរបស់រដ្ឋ ប្រមូលផ្តុំគំនិត យោបល់ និងសំណូមពរពីប្រជាជន ដើម្បីដំណើជូនស្ថាប័ន មានសមត្ថកិច្ច ពិនិត្យ និងដោះស្រាយ។
រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមកម្ពុជា គឺជាឈ្មោះថ្មីរបស់រណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា ដែលត្រូវបានបង្កើតឡើង កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ នៅភូមិជើងឃ្លូ ស្រុកស្នូល ខេត្តក្រចេះ ក្នុងគោលបំណងបង្រួបបង្រួម អ្នកស្នេហាជាតិគ្រប់ទិសទី ដើម្បីធ្វើការតស៊ូប្រយុទ្ធប្រឆាំង និងផ្តល់រំលំបែបខ្មៅងងឹតនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយទទួលបានមហាជ័យជម្នះជាប្រវត្តិសាស្រ្ត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩៕