(កំពង់ធំ)៖ ជនដែលមានឈ្មោះហៅថា «អាសង្ហា» ល្បីស្ទើរពេញមួយខេត្ត រឿងទៅចាប់ជំរិតទារប្រាក់ពីប្រជាពលរដ្ឋ ដែលរកស៊ីដឹកអុស និងកសិផល បន្តិចបន្តួច ដោយយកឈ្មោះថ្នាក់ដឹកនាំទៅប្រើប្រាស់ ត្រូវសាលាដំបូងខេត្តកំពង់ធំ ចេញដីកាសម្រេចឲ្យឃុំខ្លួនហើយ។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះថា ក្រោយបញ្ចប់ការសួរនាំ ចៅក្រមស៊ើបសួរបានសម្រេចធ្វើការឃុំខ្លួនបុរសនោះហើយ នៅល្ងាចថ្ងៃទី២១ ខែកក្កដាម្សិលមិញនេះ។
សូមជម្រាបថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោក អ៊ិត សុធា បានបញ្ជាឲ្យកម្លាំងអាវុធហត្ថស្រុកបារាយណ៍ ចុះទៅចាប់វាយខ្នោះ បុរសម្នាក់មានឈ្មោះ «អាសង្ហា» ដែលប្រើឈ្មោះថ្នាក់ដឹកនាំ ទៅជរិតទារប្រាក់ប្រជាពលរដ្ឋស្ទើរពេញមួយខេត្តតែម្ដង។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News លោក អ៊ិត សុធា បានបញ្ជាក់ថា «មានទាំងប្តឹង ផ្ទាល់មាត់មកខ្ញុំ និងប្តឹងទៅសមត្ថកិច្ច ទើបនៅពេលនេះ យើងបានរកឃើញ និងឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងកាលពីយប់មិញ នៅស្រុកបារាយណ៍។ បើតាមការសួរនាំជននេះគ្មានតួនាទី អ្វីនោះទេ គឺយកឈ្មោះថ្នាក់ដឹកនាំទៅប្រើប្រាស់ដើម្បិជំរិត ទារប្រាក់ពីពលរដ្ឋ»។
បើតាមលោកព្រះរាជអាជ្ញា បន្ទាប់ពីមានការឃាត់ខ្លួនហើយ កម្លាំងអាវុធហត្ថ បានចុះទៅឆែកឆេរនៅក្នុងផ្ទះជនល្មើសហើយថែមបាន រកឃើញកាំភ្លើងម៉ាក K54 មួយដើមផងដែរ ក្រៅពីការដកហូតវត្ថុតាងជាក់ស្តែងរួមមានរថយន្ត និងលុយមួយចំនួន។
លោក ឃុន ប៊ុនហួរ មេបញ្ជាកងរាជអាវុធហត្ថស្រុកបារាយការណ៍ បានប្រាប់ភ្នាក់ងារ Fresh News ថា បុគ្គលរូបនេះមានឈ្មោះ ឆេង សុខអេង ហៅសង្ហា ត្រូវបានឃាត់ខ្លួន នៅចំណុចភូមិកំពុងស្ដេច ឃុំក្រវ៉ា ស្រុកបារាយណ៍ ដោយដកហូតបានវត្ថុតាង៖ មានរថយន្តជិះ ធ្វើសកម្មភាពមួយគ្រឿងម៉ាកលុចស៊ីស RX-300 លិខិតបេសកកម្មក្លែងក្លាយ លុយ និងសំភារផ្សេងៗមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ កំពុងយកទៅសួរនាំ នៅមូលដ្ឋាកងរាជអាវុធហត្ថស្រុកបារាយណ៍ ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
បើតាមសមត្ថកិច្ចមូលដ្ឋាន និងប្រជាពលរដ្ឋ កន្លងមកបុគ្គលរូបនេះ បានផ្សព្វផ្សាយពីតួនាទីភារកិច្ចរបស់ខ្លួនថា ជាមន្រ្តីអធិការកិច្ចក្រសួង ចុះបំពេញបេសកកម្ម នៅទឹកដីខេត្តកំពង់ធំ ហើយបានធ្វើសកម្មភាពមកជាយូរឆ្នាំមកហើយ ពុំត្រូវបាននណាម្នាក់ហ៊ានប្តឹងនោះឡើយ ទើបតែពេលនេះ ប្រជាពលរដ្ឋទ្រាំលែងបាន ក៏សម្រេចទឹកប្តឹងពីទង្វើកាក់កាឡេថងបង្ខំឲ្យបង់លុយតែម្តង។
ជននេះកន្លងមក ធ្លាប់តែយកឈ្មោះថ្នាក់ដឹកនាំដើរជំរិតប្រាក់ពីប្រជាពលរដ្ឋ ធ្វើឲ្យមហាជនមានការភ័ន្តច្រឡំ និងពេលខ្លះតាំងខ្លួនជា អ្នកកាសែត រហូតមានការប្តឹង ហើយត្រូវបានចាប់ខ្លួនតែម្តងនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧។
បើតាមការសួរនាំ ជនល្មើសរូបនេះ បានទារប្រាក់ពីប្រជាពលរដ្ឋ ក្នុងមួយគោយន្តកន្ត្រៃចាប់ពី១៥ម៉ឺនឡើងទៅ រហូតដល់៥០ម៉ឺនរៀល៕