(ភ្នំពេញ)៖ ស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាមថ្មីមួយ នៅខេត្តព្រះសីហនុ ត្រូវសម្ភោធនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា និង លោក ង្វៀង ហ្វ៊ូជុង អគ្គលេខាធិការនៃគណបក្សកុម្មុនីស្តវៀតណាម។
ក្នុងនោះក៏មានការចូលរួមពី ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងវៀតណាម ព្រមទាំងមន្ដ្រីរាជការ ប្រជាពលរដ្ឋជាច្រើនរូបទៀតផង។
យោងតាមអភិបាលខេត្តព្រះសីហនុ លោក យន្ដ មីន បានឲ្យដឹងថា ស្កូបមិត្តភាពកម្ពុជា-វៀតណាម មានផ្ទៃក្រឡាសរុបចំនួន៦,៧៦៦ម៉ែត្រការ៉េ ហើយចំណាយថវិកាសរុបអស់ចំនួន ៦៧០,២៧២ដុល្លារ។
អភិបាលខេត្តបន្ថែមថា ស្កូបមិត្តភាព កម្ពុជា-វៀតណាមខេត្តព្រះសីហនុ ត្រូវបានកសាងឡើងនៅក្នុងឆ្នាំ១៩៨៤ ដោយមានរូបសំណាកយុទ្ធជន ០២រូប ដៃកាន់អាវុធឈរនៅអមសងខាងស្ដ្រីម្នាក់ (បីកូនតូចក្នុងដៃ)។
សូមជម្រាបថា ថ្ងៃនេះជាថ្ងៃបញ្ចប់ នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក ង្វៀង ហ្វ៊ូជុង អគ្គលេខាធិការ នៃគណបក្សកុម្មុនីស្តវៀតណាមផងដែរ។
លោក ង្វៀន ហ៊្វូជុង បានមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង៨៖៤៥នាទីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ ដើម្បីបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់ ២២ ខែកក្កដា ឆ្នាំ២០១៧។
សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ង្វៀន ហ៊្វូជុង ដើម្បីបន្តពង្រឹងមិត្តភាពកម្ពុជា-វៀតណាម ឲ្យកាន់តែរឹងមាំ និងបាននាំយកថវិការបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ផ្តល់ជូនរដ្ឋសភាកម្ពុជា ចំនួន២៥លានដុល្លាអាមេរិក សម្រាប់កសាងអគាររដ្ឋបាល នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងបានអញ្ជើញជាសាក្សីជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើឯកសារនៃអនុស្សរណៈយោគយល់គ្នា ចំនួន៥ រួមមាន៖
១៖ សេចក្ដីថ្លែងការណ៍រួមស្ដីពី ការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម
២៖ ក្របខណ្ឌកិច្ចព្រមព្រៀងរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ស្ដីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម
៣៖ អនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍គម្រោងរោងចក្រអគ្គិសនី ការតភ្ជាប់បណ្ដាញបញ្ជូនអគ្គិសនី និងពាណិជ្ជកម្មថាមពល
៤៖ ពិធីសារស្ដីពី សកម្មភាពសង្គ្រោះមហន្តរាយអចិន្ត្រៃយ៍ នៅតាមតំបន់ព្រំដែនគោក
៥៖ អនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងពត៌មាន (NIPTICT) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ជាមួយក្រុមហ៊ុនវៀតធែលខេមបូឌា (Viettel Cambodia Pte Ltd) របស់វៀតណាម៕