(កំពង់ចាម)៖ ទីតាំងបើកល្បែងជល់មាន់ដ៏ធំ២កន្លែង នៅស្រុកជើងព្រៃ និងស្រុកចំការលើ ត្រូវបានលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បញ្ជាឲ្យកម្លាំងសមត្ថកិច្ចចុះបង្ក្រាប និងដុតកម្ទេចទីតាំងចោលតែម្តង។
យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាប និងដុតបំផ្លាញចោលទីតាំងជល់មាន់ដ៏ធំនៅស្រុកជើងព្រៃ និងស្រុកចំការលើ ត្រូវបានធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោយពីមានបញ្ជាពីលោកអភិបាលខេត្ត។
របាយការណ៍ដដែលបន្ថែមថា នៅវេលាម៉ោង១២៖៣០នាទី កម្លាំងសមត្ថកិច្ចជំនាញ ចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសង (ជល់មាន់) នៅចំណុចចំការស្វាយចន្ទី ស្ថិតក្នុងភូមិមហា ឃុំស្វាយទាប ស្រុកចំការលើ ប៉ុន្ដែក្រុមជនសង្ស័យបានរត់គេចខ្លួនអស់ ដោយបន្សល់ទុកនូវវត្ថុតាង ប៉ាតង់សម្រាប់ប្រក់រោងសង្វៀនជល់មាន់ ០១ផ្ទាំង ហើយសម្ភារៈនៅក្នុងទីបើកល្បែងនេះ ត្រូវបានដុតបំផ្លាញចោលនៅកន្លែងកើតហេតុ
ដោយឡែកនៅវេលាម៉ោង០២៖០០នាទី កម្លាំងសមត្ថកិច្ចបន្ដចុះដុតបំផ្លាញទីតាំងល្បែង ជល់មាន់មួយកន្លែងទៀត នៅភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ ប៉ុន្ដែគួរឲ្យស្ដាយក្រុមអ្នកញៀនល្បែងទាំងបានដឹងខ្លួនទាន់ ហើយបានរត់គេចខ្លួនបាត់ប្រមោល៕