(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំមានការបារម្ភពីរឿង ស្គាល់អត្តសញ្ញាម្ចាស់រថយន្ដ និងអាស័យដ្ឋានម្ចាស់រថយន្តតទៅទៀត នៅពេលបង្ហាញ QR Code លើស្លាកលេខ ព្រោះថា QR Code នេះ ស្គាល់តែម៉ាករថយន្ដ និងពណ៌រថយន្ដតែប៉ុណ្ណោះ។
លោកទេសរដ្ឋមន្ដ្រី ថ្លែងយ៉ាងដូច្នេះ បន្ទាប់ពីលោកបានប្រកាសរឿងដុត QR Code លើស្លាកលេខរថយន្ដ ហើយភ្លាមៗមានប្រជាពលរដ្ឋជាច្រើន កំពុងតែមានចម្ងល់ក្នុងចិត្ត និងមានការព្រួយបារម្ភពីរឿងស្គាល់ឈ្មោះម្ចាស់រថយន្ដ និងអាស័យដ្ឋាន ដែលពួកគាត់គិតថា វាជារឿងមិនមានសុវត្ថិភាពនោះទេ សម្រាប់ពួកគាត់។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបរាយការណ៍ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបម្ដងទៀត ឲ្យបងប្អូនប្រជាពលរដ្ឋបានយល់ អ្នកខ្លះមានការបារម្ភថា ការដុតស្លាកកូដ QR Code នេះធ្វើឲ្យស្គាល់អាស័យដ្ឋានម្ចាស់យានយន្ដនេះគេដឹងលឺ វាមិនមែនជាពិតទេ ការដុត QR Code នេះនៅពេលដែលយើងយក Smart Phone មកដាក់ពីលើ គឺវានឹងលោតចេញស្លាកលេខ និងព័ត៌មានទាំងអស់អំពីឡានឲ្យយើងដឹង»។
លោក ស៊ុន ចាន់ថុល បានឲ្យដឹងដែរថា កត្កាដែលក្រសួងសាធារណការធ្វើបែបនេះ ដើម្បីទប់ស្កាត់កុំឲ្យជនខិលខូចមួយចំនួន អាចប្ដូរស្លាកលេខឡាន ពីមួយទៅមួយ ហើយប្រើប្រាស់ QR Code នេះដើម្បីទប់ស្កាត់កុំឲ្យអ្នកដែលយកឡានមកមិនបានបង់ពន្ធ ឬយកឡានដែលគេបង់ពន្ធពីឡានមួយទៅដាក់ឡានមួយទៀត នេះជាកិច្ចការមួយសំខាន់សម្រាប់ប្រទេសជាតិ ក្នុងការប្រមែលប្រមូលពន្ធ។
រដ្ឋមន្ដ្រីក្រសួងសាធារណការ បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋមួយចំនួនទៀតបារម្ភថា ឡានពួកគាត់ធ្វើស្លាកលេខយូរហើយ ហើយដោយឡានទាំងអស់ ប្រហែលជាង៥០ម៉ឺនគ្រឿង ដែលបានចុះលេខរួច តើរដ្ឋាភិបាលតម្រូវឲ្យឡានទាំងនោះ មកយកស្លាកលេខថ្មីដែលមាន QR Code ឬទេ គឺរដ្ឋាភិបាលមិនតម្រូវនោះទេ ព្រោះពេលនេះក្រសួងកំពុងរកនីតិវិធីផ្ដល់ QR Code ជូនដោយឥតគិតថ្លៃ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំបារម្ភពីបញ្ហានេះ ប៉ុន្ដែបើប្រជាពលរដ្ឋយល់ថា ស្លាកលេខឡានចាស់ហើយ ចង់បានលេខដដែលតែស្លាកថ្មី តែឲ្យមាន QR Code នោះពួកគាត់តម្រូវឲ្យបង់លុយធម្មតា។
សូមជម្រាបថា កាលពេលថ្មីៗកន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការគ្នាជាមួយក្រុមហ៊ុន KTS ដើម្បីធ្វើការដុត QR Code លើស្លាកលេខរថយន្ដ ដើម្បីស្គាល់ពីម៉ាករថយន្ដ និងពណ៌រថយន្ដ ដើម្បីជៀសវាងការយកស្លាកលេខទៅប្រើលើរថយន្ដផ្សេង៕