(ភ្នំពេញ)៖ សមត្ថកិច្ចប៉ុស្តិ៍ចោមចៅ នៅល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ បានឃាត់បុរសជាជនជាតិចិនម្នាក់ ជាអ្នកគ្រប់គ្រង នៅក្នុងរោងចក្របោះពុម្ពយីហោ «ធៀន អ៊ី» បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់កម្មការិនីរងគ្រោះទាំង៤នាក់ ពាក់ព័ន្ធនឹងករណីបៀតបៀនកេរិ៍ខ្មាស ដោយបបួលពួកនាងទៅរួមភេទជាថ្នូរ នឹងប្រាក់១០០ដុល្លាសម្រាប់រួមភេទម្តង។
ក្រោយពេលបានទទួលពាក្យបណ្តឹងរបស់ក្រុមនារីរងគ្រោះ សមត្ថកិច្ចសង្កាត់ចោមចៅ បានឃាត់ខ្លួនបុរសជនជាតិដែលជាជនសង្ស័យ នៅវេលាម៉ោង៤៖៤០នាទីល្ងាច ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ នៅចំណុចរោងចក្របោះពុម្ព ធៀន អ៊ី ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើឈ្មោះ Jin Xuon Ding ហៅ ឡៅ កឺ អាយុ៥២ឆ្នាំ ជនជាតិចិនមុខរបរជាអ្នកគ្រប់គ្រងរោងចក្របោះពុម្ពខាងលើ និងស្នាក់នៅក្នុងរោងចក្រនោះ។ ដោយឡែកនាងកម្មការិនីរងគ្រោះទី១៖ ឈ្មោះច.ម អាយុ២៣ឆ្នាំ មានស្រុកកំណើតខេត្តមណ្ឌលគីរី,ទី២៖ ឈ្មោះ វ.ឡ អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ, ទី៣៖ ឈ្មោះ ហ.ម.ល.ដ អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅរាជធានីភ្នំពេញ, និងទី៤៖ ឈ្មោះ ទ.ស.ភ អាយុ១៨ឆ្នាំ។ ពួកនាងទាំង៤នាក់នោះស្នាក់នៅផ្ទះជួលនៅក្បែររោងចក្របោះពុម្ព របស់ជនសង្ស័យ។
ក្រុមនារីរងគ្រោះ បាននិយាយថា បុរសដែលជាអ្នកគ្រប់គ្រងរោងចក្រខាងលើនោះ បានធ្វើសកម្មភាពបៀតបៀនកេរ្តិ៍ខ្មាសពួកនាងជាបន្តបន្ទាប់ នៅក្នុងខណៈដែល ពួកនាងកំពុងធ្វើការងារបុរសនោះបានដើរទៅជិតរួច បានលូកចាប់ស្ទាបច្របាច់គូទ និងសុដន់ជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះ បាននិយាយបបួលពួកនាងច្រំដែលៗ ឲ្យទៅរួមភេទជាមួយខ្លួនដោយសន្យាថា នឹងឲ្យប្រាក់ចំនួន១០០ដុល្លារ ប៉ុន្តែពួកនាងមិនដែលយល់ព្រមនោះទេ ហើយក៏ធ្លាប់ស្ដីឲ្យបុរសនោះផងដែរ ប៉ុន្តែទោះជាបែបណាជនជាតិចិន ខាងលើមិនព្រមឈប់ឡើយ គឺនៅតែប្រព្រឹត្តរឿងដដែល មកលើពួកនាងទ្រាំលែងបាន ក៏បានសម្រេចចិត្តដាក់ពាក្យបណ្ដឹងតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅសង្កាត់ចោមចៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕