(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា​ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ដ ដែលបានដាក់ឲ្យដំណើរការ​នាដើមឆ្នាំ២០១៧នេះ បានជួយលុបបំបាត់អំពើពុករលួយបានយ៉ាងច្រើន លើការធ្វើស្លាកលេខយានយន្ដ ហើយថែមទាំងរកចំណូលចូល​រដ្ឋ បានច្រើនទៀតផងដែរ។

លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបែបនេះ នៅល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ក្រោយបញ្ចប់ជំនួបរាយការណ៍ជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ពីដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ដ។

ក្រៅពីលុបបំបាត់អំពើពុករលួយ រដ្ឋមន្ដ្រីក្រសួងសាធារណការ បញ្ជាក់ថា​ ចាប់តាំងពីដំណើរការប្រព័ន្ធនេះមក ក្រសួងបានចុះបញ្ជីស្លាកលេខរថយន្ដចំនួន ១​៧,០០០គ្រឿង ហើយរកចំណូលថវិកាចូលជាតិរហូតទៅដល់ ១៤ពាន់លានរៀលផងដែរ។

ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូច្នេះថា «យើងអាចប្រើប្រាស់ប្រព័ន្ធអនឡាញជាផ្លូវការ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ រហូតមក​ដល់ពេលបច្ចុប្បន្ននេះ ហើយបានចុះបញ្ជីស្លាកលេខរថយន្ដពិសេសបាន១៧,០០០គ្រឿង ដោយទទួលបានចំណូលថវិកា​ចូលជាតិចំនួន ​១៤ពាន់លានរៀល ហើយកាលពីមិនទាន់មានប្រព័ន្ធអនឡាញនេះ គឺមិនសូវមានថវិកា​ចូលជាតិនោះទេ ប៉ុន្ដែពេលមានប្រព័ន្ធអនឡាញ គឺមិនអាចគេចបាននោះទេ...តាំងពីមានប្រព័ន្ធអនឡាញនេះ ធ្វើឲ្យមានការកើនចំណូលថវិកាជាតិបានជាច្រើន ផ្ដល់សេវាបានលឿន ទៅបងប្អូនប្រជាពលរដ្ឋ»។

លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ប្រព័ន្ធនេះរកចំណូលបានច្រើនដោយសារតែ ប្រសិនបើប្រជាពលរដ្ឋណាចង់បានលេខពិសេស ត្រូវតែបង់ថ្លៃ តាមការកំណត់ ហើយបើលេខពិសេសនោះអស់នៅអក្សរណាមួយនោះ នៅពេលពលរដ្ឋចង់រំលងអក្សរ គឺត្រូវតែបង់ថ្លៃតាមគោលការណ៍ រំលងអក្សរផងដែរ ដូច្នេះមិនអាចបានលេខពិសេស ដោយមិនបានបង់ថ្លៃនោះទេ។

សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យ​ប្រវត្តិកម្ម (Online) ចំនួន៣ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ សេវាកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្មទាំង៣នោះរួមមាន៖ សេវាចុះបញ្ជីយានយន្ត (vehicle.mpwt.gov.kh), សេវាត្រួតពិនិត្យបច្ចេកទេសយានយន្ត (techinspection.mpwt.gov.kh) និងសេវាផ្តល់បណ្ណបើកបរយានយន្ត (driverlicense.mpwt.gov.kh)។

ក្រសួងសាធារណការ ក៏បានសហការជាមួយកន្លែងលក់យានយន្ត ដាក់ឲ្យប្រើប្រាស់សេវាចុះបញ្ជីយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តកម្មនេះផងដែរ ពោលកន្លែងលក់យានយន្តអាចចុះបញ្ជីយានយន្ត និងចេញស្លាកលេខយានយន្តជូនអតិថិជនរបស់ខ្លួនបានផងដែរ៕