(ភ្នំពេញ)៖ ដើម្បីបំពេញតម្រូវការបន្ថែម នៅក្នុងទីផ្សារប្រទេសកម្ពុជា ក្រុមហ៊ុន ប៊ីអេក ផៅវ័រ ត្រេឌីង ខូអ៊ិលធីឌី (BH Power trading Co LTD) បាននាំចូល និងចែកចាយនូវភេសជ្ជៈ American Cola ដែលមានរសជាតិដើមពីប្រទេសអាមេរិក និងមានរោងចក្រផលិតប្រចាំប្រទេសសឹង្ហបុរី មកដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ។

ការដាក់សម្ពោធជាផ្លូវការនូវភេសជ្ជៈ American Cola នេះ បានធ្វើឡើងនៅក្នុងភោជនីយដ្ឋាន Bottom up នាយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក ភឿង សុវណ្ណ អគ្គនាយកក្រុមហ៊ុន BH Power Trading CoLTD និងមានការចូលរួមពីម្ចាស់ដេប៉ូមកពីទូទាំងខេត្ត ជាច្រើនរូបទៀតផងដែរ។

លោក ភឿង សុវណ្ណ អគ្គនាយកក្រុមហ៊ុន ប៊ីអេក ផៅវ័រ ត្រេឌីង បានថ្លែងថា «ភេសជ្ជៈថ្មីនេះ ជាផលិតផលរបស់អាមេរិក និងបានផលិតឡើងនៅប្រទេសសឹង្ហបុរី ដោយធ្វើឲ្យងាយស្រួលក្នុងការនាំចូលមកទីផ្សារកម្ពុជា»

លោក ភឿង សុវណ្ណ បានបន្ថែមទៀតថា មូលហេតុលោកសម្រេចនាំចូលភេសជ្ជៈទាំងនេះមកកម្ពុជា ដោយសារតែមានតម្រូវការកើនឡើងខ្ពស់ សម្រាប់បំពេញក្នុងកម្មវិធីជប់លៀង ខួបកំណើត មង្គលការ និងពិធីផ្សេងៗទៀត។ លោកបន្តថា ផលិតផលថ្មីនេះ គឺមាន៥រសជាតិ ដែលជាភេសជ្ជៈដ៏ល្បីឈ្មោះ និងយូរឆ្នាំមកហើយនៅប្រទេសអាមេរិក និងសឹង្ហបុរី។

លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា «ខ្ញុំយល់ឃើញថានេះ ជាការល្អណាស់ដែលមានផលិតផលពីអាមេរិកឈានជើងចូលមកកម្ពុជា ខណៈដែលកន្លងមកធ្លាប់មានតែពីប្រទេសចិន ថៃ និងកូរ៉េជាដើម»

លោក ឈួន ដារ៉ា បានលើកឡើងថា នេះបញ្ជាក់ឲ្យឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ កម្ពុជាកាន់តែផ្តល់ភាពជឿជាក់ ជូនទៅដល់អ្នកវិនិយោគក្នុងស្រុក ក៏ដូចជានៅក្រៅប្រទេសទើបធ្វើឲ្យមានការនាំចូលជាហូហែរ នូវផលិតផលដែលមានគុណភាព និងស្តង់ដារមកកម្ពុជា៕