(សៀមរាប)៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ មន្ទីរទេសចរណ៍ខេត្តសៀមរាប ជួបពិភាក្សាគណៈកម្មការសហគមន៍ទេសចរណ៍ធម្មជាតិ ដែលនៅជាប់បឹងទន្លេសាប ចំនួន៤ សហគមន៍ និងអង្គការ GIZ រួមនឹងអាជ្ញាធរស្រុក ក្រុងដើម្បីពិភាក្សាលើការជំរុញការងារគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ ប្រកបដោយគុណភាព ប្រសិទ្ធិភាព នឹងឈានឆ្ពោះទៅរកនិរន្តរភាពជាមួយ និងការរីកចម្រើនខាងជីវភាព របស់ប្រជាសហគមន៍ នៅខេត្តសៀមរាប។
លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេចរណ៍តំណាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមក្នុងពិធីជួបពិភាក្សា ការងារ និងលើកទឹកចិត្តឲ្យបណ្ដាសហគមន៍ ខិតខំប្រឹងប្រែងក្នុងការពង្រឹងសមត្ថភាពរៀនសូត្រដកស្រង់បទពិសោធន៍ដើម្បីជំរុញលើកកម្ពស់ ការងារគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ ប្រកបដោយប្រសិទ្ធិភាព ដើម្បីឈានឆ្ពោះទៅរកកម្រិតនិរន្តរភាពហើយរួមចំណែកផ្ដល់ ឱកាស់ការងារ លើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍ក្នុងតំបន់ផងដែរ។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានថ្លែងថា ដោយមានកិច្ចសហការជាមួយអង្គការ GIZ និងមានការចូលរួមពីសហគមន៍ទេសចរណ៍ធម្មជាតិ ដែលជាសហគមន៍នៅជាប់ផ្ទៃបឹងទន្លេសាទ គឺមានសហគមន៍បឹងពារាំង ស្ថិតក្នុងភូមិសាស្រ្ដសង្កាត់ជ្រាវ ក្រុងសៀមរាប, សហគមន៍កំពុងភ្លុក នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង, សហគមន៍មេជ្រៃ ស្រុកពួក, និងសហគមន៍កំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
លោក ប៉ាក់ សុខុម ក៏បានរំលឹកថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ រួមជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគ្រោងដាក់សំណើរួមមួយជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញការងារគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍សំដៅប្រែក្លាយតំបន់សហគមន៍ជាង២ពាន់កន្លែង នៅទូទាំងប្រទេសកម្ពុជា អាចទាក់ទាញភ្ញៀវទេសចរ ឲ្យមកទស្សនា បង្កើនចំណូលជូនប្រជាពលរដ្ឋមូលដ្ឋាន។
យុទ្ធសាស្រ្តដែលក្រសួងទាំងបី ប្រុងនឹងដាក់ចេញនោះ រួមមានដូចខាងក្រោម៖
១៖ រួមគ្នាបង្កើនសកម្មភាពអភិវឌ្ឍសហគមន៍ទេសចរណ៍ ដើម្បីជួយប្រជាជនមូលដ្ឋាន ដោយការគាំទ្រផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ ការគ្រប់គ្រង និងអនុវត្តតាម លំនាំ 4Ps (សាធារណៈ ឯកជន ដៃគូអភិវឌ្ឍន៍ និងប្រជាជន-ទេសចរ)។
២៖ កំណត់ច្បាស់ស្តីពីប្រភេទសហគមន៍ សិទ្ធិ ការគ្រប់គ្រង និងនីតិវិធីនៃការបង្កើត ដំណើរការ និងការអភិវឌ្ឍសហគមន៍។
៣៖ សហគមន៍ទេសចរណ៍ដែលបានបង្កើត និងកំពុងដំណើរការ ត្រូវរួមគ្នាជួយពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះមានសហគមន៍ទេសចរណ៍ ត្រូវចុះបញ្ជីនៅតាមស្ថាប័នសមត្ថកិច្ចគ្រប់គ្រងតំបន់ ដែលសហគមន៍តាំងនៅ និងត្រូវមានការទទួលស្គាល់ និងសហការជួយផ្នែកផ្សព្វផ្សាយ បដិសណ្ឋារកិច្ច និងស្តង់ដាទេសចរណ៍ ពីក្រសួងទេសចរណ៍។
៤៖ សហគមន៍នានា នៅតាមតំបន់សក្តានុពល ដែលមានភាពទាក់ទាញទេសចរណ៍ មានហេដ្ឋារចនាសម្ព័ន្ធ និងមានលទ្ធភាពទៅកាន់តំបន់នោះបាន ត្រូវជំរុញបន្ថែមសកម្មភាពទេសចរណ៍នៅតាមសហគមន៍ទាំងនោះ ដើម្បីទាក់ទាញទេសចរទស្សនា និងបន្ថែមចំណូល និងការងារជូនប្រជាជនមូលដ្ឋាន។ សហគមន៍ប្រភេទនេះ ត្រូវបន្ថែមឈ្មោះ «ទេសចរណ៍ ឬអេកូទេសចរណ៍» រក្សាការគ្រប់គ្រង និងចុះបញ្ជីនៅតាមដែនសមត្ថកិច្ចគ្រប់គ្រង និងត្រូវមានការទទួលស្គាល់ពីក្រសួងទេសចរណ៍ ដើម្បីជួយបន្ថែមផ្នែកជំនាញ។
៥៖ តំបន់សក្តានុពលទេសចរណ៍ ដែលមានប្រជាជនរស់នៅតែមិនទាន់បានបង្កើតជាសហគមន៍ ត្រូវរួមគ្នាជួយបង្កើតសហគមន៍ទេសចរណ៍ ដើម្បីជួយប្រជាជន។ ការចុះបញ្ចីនៅក្នុងដែនសម្ថតកិច្ចគ្រប់គ្រង និងទទួលស្គាល់សហការជួយពីក្រសួងទេសចរណ៍។
៦៖ ត្រូវរៀបចំសារាចរណែនាំរួមមួយ ក្នុងការជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ ដែលអនុញ្ញាតឲ្យសហគមន៍ ដែលបម្រើសេវាជូនភ្ញៀវទេសចរ។
៧៖ បង្កើតក្រុមការងារចម្រុះជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ ដែលមានមន្រ្តីជំនាញនៃក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងមានការចូលរួមពីក្រសួងស្ថាប័ន-ពាក់ព័ន្ធ។
គួរបញ្ជាក់ថាបច្ចុប្បន្នកម្ពុជា មានសហគមន៍ទូទៅប្រមាណជាង២,០០០សហគមន៍ (ការពារព្រៃឈើ សត្វព្រៃ សត្វស្លាប នេសាទ ទេសចរណ៍ជាដើម) ក្នុងនោះមានសហគមន៍ទេសចរណ៍ចំនួន៥៦ ក្នុងខេត្តចំនួន១៦៕