(កំពង់ធំ)៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារអន្តរក្រសួង បានចុះពិនិត្យទីតំាងនៅតំបន់ ប្រាសាទសំបូរព្រៃគុក ដើម្បីត្រៀមរៀបចំពិធីសែនព្រេនសុំសេចក្តីសុខ និងអបអរសាទរ «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលត្រូវប្រារព្ធធ្វើនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ ដោយសូមអំពាវនាវជូនដំណឹងដល់លោក លោកស្រី ជនរួមជាតិ និងភ្ញៀវអន្តរជាតិ ទាំងអស់អញ្ជើញចូលរួមទស្សនាប្រាសាទបុរាណ ឲ្យបានច្រើនក្នុងនោះ ក៏មានការសំដែងសិល្បៈ លេងល្បែងកំសាន្ត និងទស្សនាភូមិគួយជាដើម។
កាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ការដាក់បញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលធ្វើឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក។
សូមបញ្ជាក់ថា ការសម្រេចបញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនៅក្នុង កិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ ប្រទេសជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចអនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង៩៖៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Cracovie ប្រទេសប៉ូឡូញ។
ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចំងាយ២៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។ ប្រាសាទនេះ ជារាជធានីចាស់បុរាណឈ្មោះថា ឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនាឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលលំអរលើជញ្ជាំងប្រាសាទ ហើយត្រូវបានកសាងឡើងនៅរជ្ជកាលព្រះបាទ ឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧។ តាមការស្រាវជ្រាវបានឲ្យដឹងថា នៅទីនោះ មានប្រាសាទប្រមាណជាង១០០ប្រាសាទ ដែលចែកចេញជា៤ក្រុមធំៗ៕