(ភ្នំពេញ)៖ រថយន្តហ៊ីយ៉ាន់ដាដឹកអេតចាយ១គ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកបុរសអ្នករត់ម៉ូតូឌុបម្នាក់ អូសជាង៣០ម៉ែត្រ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង យ៉ាងអាណោចអាធ័ម បន្ទាប់មករថយន្តនោះ មិនបានឈប់ស្ងៀមឡើយ បានជ្រុលទៅបុកចូលក្នុងសាលាពិភពបញ្ញាអន្តរជាតិ និងបុករះម៉ូតូចំនួន៣គ្រឿងទៀត របស់លោកគ្រូ-អ្នកគ្រូ នៅក្នុងសាលានោះ បណ្ដាលឲ្យរងការខូចខាតខ្ទេចខ្ទីរ ក៏ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួន និងប្រគល់ឲ្យនគរបាលសាកសួរ និងចាត់ការតាមច្បាប់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង០២៖៣០នាទីរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខសាលាពិភពបញ្ញាអន្តរជាតិ ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់នោះ មិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយ គាត់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅ ចំណែករថយន្តបង្កម៉ាកីយ៉ាន់ដាយ
ពណ៌ខៀវពាក់ស្លាកលេខកណ្ដាល 2A-3757 បើកបរដោយបុរសម្នាក់ឈ្មោះ សន ចន អាយុ៣៩ឆ្នាំ មានទីលំនៅក្នុងភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល និងមានស្រុកកំណើតនៅក្នុងភូមិទ្រា ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តបង្កបើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ដោយមានដឹកអេតចាយពេញទ្រុង ថែមទៀតផង ចំណែកម៉ូតូរងគ្រោះ បានបើកបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចបញ្ច្រាស់ទិសគ្នា។
លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតជ្រុល ទៅបុកបុរសអ្នករត់ម៉ូតូឌុបពេញទំហឹង រួចបានអូសជាង៣០ម៉ែត្រ និងរេចង្កូតជ្រុលបន្តទៅបុកចូល សាលាពិភពបញ្ញាអន្តរជាតិ និងបុករះម៉ូតូចំនួន៣គ្រឿងទៀត ដែលជាម៉ូតូរបស់លោកគ្រូ-អ្នកគ្រូបង្រៀននៅទីនោះ បណ្ដាលឲ្យខូចខ្ទេចខ្ទីរថែមទៀត ទើបឈប់ស្ងៀម ហើយអ្នកបើកបររថយន្តប្រុងរត់គេចខ្លួន ប៉ុន្តែត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនបាន និងប្រគល់ឲ្យនគរបាលចាត់ការតាមច្បាប់។
ប្រភពពីកន្លែងកើតហេតុបានអះអាងថា បុរសអ្នកបើកបររថយន្តបង្កនោះ ជាមនុស្សមានជម្ងឺឆ្កួតជ្រូក ហើយកន្លងមកតែងបានធ្វើការអុកឡុកនៅក្នុងភោជនីយដ្ឋាន វាយបំផ្លាញឥវ៉ាន់គេខ្ទេចខ្ទីរ និងបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ព្រមទាំងសងគេជាបន្តបន្ទាប់រួចមកហើយ ពេលនេះសង្ស័យថាជម្ងឺរើឡើងពេលកំពុងបើកបរ ទើបបានជាបង្កគ្រោះថ្នាក់ចរាចរណ៍ធំបែបនេះ៕