(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារព័ត៌មានទាន់ហេតុការណ៍ HOTLINE ជាមួយជនបរទេសប្រចាំនៅកម្ពុជា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ បានទទួលជួបពិភាក្សាការងារជាមួយលោក KENJI NEMOTO លេខាទី១ និងជាមន្ត្រីសន្តិសុខនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ពាក់ព័ន្ធនឹងការផ្លាស់ប្ដូរព័ត៌មានអំពើភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន។
ក្នុងជំនួបនេះ នាយឧត្ដមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ បានជម្រាបជូនលោក KENJI NEMOTO ពីការរីកចម្រើនចំពោះស្ថានភាពសន្តិសុខនៅកម្ពុជានាពេលបច្ចុប្បន្ននេះ ហើយចំពោះសុវត្តិភាពជនបរទេសដែលមានវត្តមាននៅកម្ពុជា កំពុងត្រូវបានយកចិត្តទុកដាក់ខ្លាំងពីអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាក្រសួងមហាផ្ទៃ។
នាយឧត្ដមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងអំណរគុណដល់ស្ថានទូតជប៉ុន ដែលបានផ្ដល់លិខិតថ្លែងអំណរគុណដល់នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ថោង លីម ទាក់ទងនឹងកិច្ចសហប្រតិបត្តិការល្អក្នុងការងារសន្តិសុខ និងបទឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈលោក KENJI NEMOTO លេខាទី១និងជាមន្ត្រីសន្តិសុខនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះដែរនាយឧត្ដមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ ក៏បានស្នើសុំឲ្យរដ្ឋាភិបាលជប៉ុនតាមរយៈលោក KENJI NEMOTO ជួយបណ្ដុះបណ្ដាលបន្ថែម ដល់កងកម្លាំងនគរបាលកម្ពុជា និងជួយផ្ដល់ឧបករណ៍សម្ភារបច្ចេកទេស។
ជាការឆ្លើយតបលោក KENJI NEMOTO លេខាទី១ និងជាមន្ត្រីសន្តិសុខនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ លើកិច្ចការងារការពារស្ថានទូត និវេសនដ្ឋាន មន្ត្រីការទូត វិនិយោគិន និងភ្ញៀវទេសចរណ៍ជប៉ុននៅកម្ពុជា។
លោក KENJI NEMOTO និងបន្តកិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជា និងជប៉ុន។ ចំពោះសំណូមពរ លោក KENJI NEMOTO បានឯកភាព និងសន្យាពាំនាំសំណើទាំងអស់ទៅរាយការណ៍ជូនថ្នាក់ដឹកនាំជប៉ុន ដើម្បីពិនិត្យលទ្ធភាពដោះស្រាយជូន៕