(ភ្នំពេញ)៖ ក្រុមហ៊ុនវិនិយោគ និងដឹកជញ្ជូនហឺណាន របស់ចិន បានផ្តល់រថយន្ត និងបិរក្ខាគ្រឿងចក្រ បម្រើការដល់ថែទាំ និងជួសជុលផ្លូវ មានតម្លៃសរុបប្រមាណ ១លានដុល្លារសហរដ្ឋអាមេរិក ដល់ក្រសួងសាធាណការ និងដឹកជញ្ជូន ដើម្បីចូលរួមសកម្មភាពថែទាំ និងជួសជុលផ្លូវនៅកម្ពុជា។
ពិធីប្រគល់ និងទទួលរថយន្ត និងបរិក្ខាគ្រឿងចក្រនេះ បានធ្វើនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅមូលដ្ឋានស្ថាបនាផ្លូវថ្នល់ (អូរដឹម) ស្ថិតនៅភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងពិធីនោះថា ទំនាក់ទំនងរវាងកម្ពុជា និង ចិនបាននឹងកំពុងពង្រឹង និងពង្រីកលើគ្រប់វិស័យ ជាពិសេសវិស័យដឹកជញ្ជូនដែលមានវឌ្ឍនភាពរីកចម្រើនគួរឲ្យកត់សម្គាល់។ ភាគីនៃប្រទេសទាំងពីរកំពុងអនុវត្តកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដោយភ្ជាប់ជាមួយនយោបាយយុទ្ធសាស្រ្តខ្សែក្រវាត់មួយវិថីមួយរបស់ចិន។
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការបញ្ចប់ការសិក្សាផែនការមេ អភិវឌ្ឍផ្លូវល្បឿនលឿន និងចងក្រងផែនការបណ្តាញផ្លូវថ្នល់របស់កម្ពុជា។ តាមរយៈក្រុមហ៊ុនវិនិយោគដឹកជញ្ជូនហឺណាន បានជួយផ្ដល់ការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព ដល់មន្ត្រី ក្រសួងសាធារណការ និង ដឹកជញ្ជូនចំនួន ២០រូប លើការគ្រប់គ្រងសាងសង់ផ្លូវល្បឿនលឿន និងជាពិសេស បានផ្ដល់សម្ភារៈបរិក្ខា គ្រឿងចក្រថែទាំផ្លូវថ្នល់នាពេលនេះ ដែលមានតម្លៃសរុបប្រមាណមាណ ១លានដុល្លារអាមេរិក។
ទន្ទឹមការទទួលបានសម្ភារៈបរិក្ខាគ្រឿងចក្រដ៏មានសារៈសំខាន់នេះ លោកទេសរដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់អង្គភាព ក្រោមឱវាទក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ទាំងអស់ ត្រូវយកចិត្តទុកដាក់លើកការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់សម្ភារៈបរិក្ខា និងគ្រឿងចក្រ ទាំងអស់នេះឲ្យបានត្រឹមត្រូវចំទិសដៅ និងប្រកបដោយការទទួលខុសត្រូវ។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក រួមទាំងថ្ងៃនេះផង គឺជាសមិទ្ធផលដែលកើតចេញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសកម្ពុជា-ចិន ដូច្នេះត្រូវរួមគ្នាបន្តវប្បធម៌កិច្ចសហប្រតិបត្តិការនេះឲ្យបានល្អរហូតតទៅ។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងការកោតសរសើរយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះក្រុមហ៊ុនវិនិយោគដឹកជញ្ជូនហឺណាន ជាពិសេសប្រជាពលរដ្ឋ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនដែលជាមិត្តជិតស្និទ្ធិ និង មានទំនាក់ទំនងចំណងមិត្តភាពជាប្រវត្តិសាស្រ្តដ៏យូរលង់ ដែលបានផ្តល់សម្ភារៈរិក្ខាគ្រឿងចក្រយ៉ាងច្រើនមកក្រសួងសាធារណការ និងដឹកជញ្ជូន៕