(ត្បូងឃ្មុំ)៖ គិតត្រឹមឆមាសទី១ ដើមឆ្នាំ២០១៧នេះ ប្រពលរដ្ឋជាង៣៣ម៉ឺននាក់ ក្នុងនោះស្ដ្រីសម្រាលកូនមានចំនួនជិត១១ពាន់នាក់ បានទៅទទួលសេវាថែទាំសុខភាព នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានាក្នុងខេត្តត្បូងឃ្មុំ។
លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា ប្រជាពលរដ្ឋដែលមកពិនិត្យជំងឺក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ មានចំនួនសរុប៣២៨,៣៧៨ករណី ហើយករណីថ្មី ចំនួន៣០៧,៣៤៤ករណី ក្នុងនោះអ្នកជំងឺក្រៅ ប្រើប្រាស់សេវាក្រីក្រ គាំទ្រដោយមូលនិធិសមធម៌ ដែលផ្តល់ដោយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍមានចំនួន៤៣,៤២២ករណី, អ្នកជំងឺសម្រាកសរុបចំនួន១១,៣៣៧នាក់, ការប្រើប្រាស់សេវាប្រជាពលរដ្ឋក្រីក្រ គាំទ្រដោយមូលនិធិសមធម៌ ដែលផ្តល់ដោយរាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍមានចំនួន ១,២១៧នាក់, និងទទួលបានការលើកលែងបង់ថ្លៃសេវា តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលចំនួន៣៣៧នាក់។
លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ បានបន្តថា ប្រជាពលរដ្ឋមកសម្រាលកូននៅក្នុងមណ្ឌលសុខភាព និងគ្លីនិកនានា សរុបមានចំនួន១,៥៤៦នាក់ នៅក្នុងនោះសម្រាកនៅមណ្ឌលសុខភាព បានចំនួន៤,១៣០នាក់ ក្នុងចំណោមសម្រាលកូនខាងលើ ការប្រើប្រាស់សេវាដោយប្រជាពលរដ្ឋក្រីក្រ គាំទ្រដោយមូលនិធិសមធម៌ ដែលផ្តល់ដោយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍មានចំនួន២៩៨នាក់ និងទទួលបានការលើកលែងបង់ថ្លៃសេវា តាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលមានចំនួន ១២៦នាក់។
លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ បានបន្ថែមថា មន្ទីរសុខាភិបាលខេត្ត បានផ្ដល់វ៉ាក់សាំងការពារចំនួន១0មុខដល់កុមារ ស្ដ្រីមានផ្ទៃពោះ និងស្ដ្រីក្នុងវ័យបន្ដពូជ ក្នុងនោះមានវ៉ាក់សាំងការពារជំងឺរបេង, ការពារជំងឺគ្រុនស្វិតដៃជើង, ការពារជំងឺកញ្ជ្រឹល-ស្អូច, ការពារជំងឺតេតាណូស, ខាន់ស្លាក់-ក្អកមាន់, រលាកថ្លើមប្រភេទ បេ ហ៊ិប វ៉ាក់សាំងការពារជំងឺរលាកសួតវ៉ាក់សាំងការពារជំងឺរលាកស្រោមខួរក្បាល និងបន្ថែមវ៉ាក់សាំងគ្រុនស្វិតដៃជើងប្រភេទចាក់។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា លទ្ធផលទាំងអស់នេះ បានមកពីការខិតខំប្រឹងប្រែងកំណែទម្រង់របស់រដ្ឋាភិបាល ក្រសួងសុខាភិបាល និងមួយផ្នែកទៀត បានមកពីការខិតខំប្រឹងប្រែងរបស់មន្រ្តីរាជការសុខាភិបាលគ្រប់ជាន់ថ្នាក់ ពីថ្នាក់ខេត្តរហូតដល់មូលដ្ឋាន ស្រុក ឃុំក្នុងការបម្រើសេវា សុខាភិបាល ជូនប្រជាពលរដ្ឋបានល្អ និងធ្វើឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត មកលើវិស័យសុខាភិបាលនៅទូទាំងខេត្ត និងនាំគ្នាមកសម្រាក ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពបានគ្រប់ៗគ្នា៕