(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន បានថ្លែងឲ្យដឹងថា រដ្ឋាភិបាលចិន ជាអ្នកដែលបានផ្តល់ប្រាក់កម្ចីសម្រាប់សាងសង់ផ្លូវ និងស្ពាននៅកម្ពុជាច្រើនជាង មានទំហំទឹកប្រាក់សរុបជាង ២ពាន់លានដុល្លារអាមេរិក។
ថ្លែងប្រាប់ក្រុមអ្នកព័ត៌មានក្នុងពិធីប្រគល់ និងទទួលជំនួយគ្រឿងចក្រពីក្រុមហ៊ុនចិននាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា គម្រោងសាងសង់ផ្លូវ និងស្ពាននៅកម្ពុជា ៧០ភាគរយ ជាប្រាក់កម្ចីទទួលបានពីរដ្ឋាភិបាលចិន។ បើតាមលោក ស៊ុន ចាន់ថុល គិតមកដល់ពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលចិន បានផ្តល់ប្រាក់កម្ចីជាង ២ពាន់លានដុល្លារអាមេរិកសម្រាប់សាងសង់ផ្លូវ និងស្ពាន។
តាមរយៈប្រាក់កម្ចីនេះ សាងសង់ផ្លូវបានជាង ២ពាន់គីឡូម៉ែត្រ និងសាងសង់ស្ពានឆ្លងកាត់ទន្លេធំៗ បាន ៧ខ្សែរួមមាន៖ ស្ពានកោះធំ ស្ពានជ្រោយចង្វា២ ស្ពានសេកុងខេត្តស្ទឹងត្រែង ស្ពានព្រែកក្តាម ស្ពានព្រែកតាម៉ាក់ ស្ពានមេគង្គស្ទឹងត្រែង និងស្ពានតាខ្មៅ។
ក្រៅពីផ្លូវ និងស្ពាន ដែលបានសាងសង់រួចរាល់នេះ នៅមានគម្រោងផ្លូវ និងស្ពានមួយចំនួន ក៏បាននិងកំពុងសាងសង់ និងខ្លះទៀតកំពុងសិក្សា ដែលសុទ្ធសឹងជាប្រាក់កម្ចីពីរដ្ឋាភិបាលចិន៕