(ភ្នំពេញ)៖ ក្រៅពីឆ្លើយតបប្រតិកម្មជាមួយព្រះសង្ឃ ប៊ុត ប៉ុនតិញ នៅពេលនេះលោក កែម រិទ្ធីសិទ្ធ ប្អូនប្រុសបង្កើតរបស់លោកបណ្ឌិត កែម ឡី បានថ្លែងប្រតិកម្ម ខ្លាំងៗទៅលោក ហុង លីម តំណាងរាស្រ្តប្រចាំរដ្ឋវិតូយ៉ារបស់អូស្រ្តាលីឲ្យដឹងថា ការចូលបុណ្យជា​បច្ច័យមួយម៉ឺនដុល្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា គឺជាសទ្ធាជ្រះថ្លារបស់សម្តេច ហើយបដិសេធដាច់ខាតមិនយកថវិកាប្រគល់ជូនសម្តេច តាមការលើកឡើងរបស់លោក ហុង លីម នោះទេ។

ថ្លែងប្រតិកម្មខ្លាំងៗទៅវិញ លោក កែម រិទ្ធីសិទ្ធ បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី២១ ខែកក្កដានេះថា លោកបដិសេធដាច់ខាតមិន យកថវិកាដែលចូលបុណ្យនេះ ប្រគល់ជូនសម្តេចវិញទេ, ការលើកឡើងរបស់លោក ហុង លីម ជារឿងមិនយល់ទាល់តែសោះ, តើហ៊ានធានាសងជំនួសអ្វីដែរយើង ខ្វះទេ? ។ លោក សិទ្ធ បានបញ្ជាក់ថា នៅពេលអំពាវនាវពីសប្បុរសជនឲ្យជួយ លើលុយជំពាក់ថ្លៃបបរ ហេតុអ្វីលោក​ ហុង លីម មិនព្រមចេញមុខមក ប៉ុន្តែនៅពេល សម្តេចបានចូលបុណ្យបច្ច័យដើម្បីយកថវិកាទៅសងការជំពាក់គេ បែរជាលោក ហុង លីម តាំងធ្វើជាអ្នកក្លាហានចេញមុខ ឲ្យយកលុយចូលបុណ្យនេះទៅសង សម្តេចវិញ តើទង្វើបែបនេះសមឬទេ។ រឿងសម្តេចចូលបុណ្យ យើងសូមអរគុណសណ្តានចិត្តដែលបានជួយពេលយើងកំពុងខ្វះខាត ហើយប្រសិនបើសម្តេចចង់ចូល បុណ្យអ្វីផ្សេងទៀត ពួកយើងនឹងស្វាគមន៍។

ជាពិសេសទៅទៀតនោះ លោក កែម រិទ្ធីសិទ្ធ បានអះអាងថា នៅក្នុងពិធីចូលរួមបុណ្យសព ក៏ដូចជាបុណ្យខួបលោកបណ្ឌិត កែម ឡី, សម្រាប់ខាងគ្រួសាររបស់ លោកមិនដែលឃើញឈ្មោះ ហុង លីម ចូលបុណ្យដើម្បីជួយដោះស្រាយអ្វីទេ ប៉ុន្តែលោកមិនដឹងថា លោក ហុង លីម ចូលបុណ្យតាមរយៈព្រះសង្ឃ ប៊ុត ប៉ុនតិញ និងភរិយារបស់លោកបណ្ឌិត កែម ឡី នោះទេ ប៉ុន្តែសម្រាប៉គ្រួសារលោកមិនមានឈ្មោះ ហុង លីម ចូលបុណ្យទេ។

ការថ្លែងប្រតិកម្មរបស់លោក កែម រិទ្ធីសិទ្ធ ខាងលើនេះ ធ្វើឡើងបន្ទាប់ពីលោក ហុង លីម បាននិយាយនៅក្នុងវិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី២០ ខែកក្កដាយ៉ាងដូច្នេះថា «តើយើងអ្នកណាក៏ដោយ ជាបងប្អូនណាក៏ដោយអាចទទួលយក លុយ៧-៨ពាន់ មកធ្វើយ៉ាងមិចបាន គឺថាវាជាការដែលយើងមិន អាចទទួលយកបាននោះទេ វាជាការប្រមាថមើល​វិញ្ញាណក្ខ័ន្ធរបស់គាត់ (លោក កែម ឡី) ដែលគាត់ ប្រាប់យើងថា ត្រូវតែតស៊ូ។ អ្វីណាមួយក៏ដោយ បើយើងលុតជង្គង់ទទួលយកលុយហ្នឹង គឺយើងបំផ្លិចបំផ្លាញនូវឧត្តមគតិរបស់គាត់ ក្នុងការទាមទារតស៊ូធ្វើមិចឲ្យខ្មែរ ហ្នឹង មានលទ្ធប្រជាធិបតេយ្យពិតប្រាកដ ធ្វើមិចឲ្យខ្មែរមានសេចក្ដីថ្លៃថ្នូ ​ដូចអ្នកស្រុក ជិតខាង...យើងមិនអាចរំលោភបំពាននូវចក្ខុវិស័យនូវ​ស្មារតី ការចង់បាន នូវអ្វីរបស់គាត់នោះទេបាទ បើយើងធ្វើខុសពីហ្នឹងយើងទទួលខុសត្រូវធ្ងន់ណាស់»។

សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចូលបុណ្យជាថវិកាចំនួន១ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់បុណ្យគម្រប់ខួប១ឆ្នាំ នៃមរណភាពរបស់លោកបណ្ឌិត កែម ឡី។ ការប្រកាសចូលបុណ្យរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីលោក កែម រិទ្ធិសិទ្ធ ប្អូនប្រុសបង្កើតរបស់ លោក កែម ឡី ប្រកាសខ្វះខាតថវិកាចំណាយថ្លៃបបរ និងចំណាយផ្សេងៗ ៧,៨០០ដុល្លារ។ ការចូលបុណ្យរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News យកទៅប្រគល់ដល់ដៃដោយផ្ទាល់ជូន លោក កែម រិទ្ធិសិទ្ធ នៅក្នុងភោជនីយដ្ឋានមួយកន្លែង ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧។

លោក កែម រិទ្ធិសិទ្ធ ប្អូនប្រុសបង្កើតរបស់លោក កែម ឡី កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ បានប្រកាសតាមអង្គភាពព័ត៌មាន Fresh News ថា ក្រោយពិធីបុណ្យសពគម្រប់ខួប១ឆ្នាំ បងប្រុសរបស់លោកហើយ គ្រួសារបស់លោកបានជំពាក់ថ្លៃបបរ និង ចំណាយផ្សេងៗរហូតដល់ទៅ ៧,៨០០ដុល្លារ។ លោក កែម រិទ្ធិសិទ្ធ ជួសមុខឲ្យក្រុមគ្រួសារ បានអំពាវនាវដល់សប្បុរសជន និងអ្នកស្រឡាញ់គោរពលោក កែម ឡី ចូលរួមបរិច្ចាគថវិកាតាមសទ្ធា ដើម្បីទូទាត់ថ្លៃចំណាយ ផ្សេងៗ ដែលក្រុមគ្រួសារលោកកំពុងជំពាក់គេនេះ។

ក្រោយទទួលបានការអំពាវនាវរបស់លោក កែម រិទ្ធិសិទ្ធ ភ្លាមៗ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការអាណិតអាសូរចំពោះក្រុមគ្រួសារសពលោក កែម ឡី ហើយក៏បានប្រកាសចូលបច្ច័យជាថវិកា១ម៉ឺនដុល្លារ សម្រាប់យកទៅទូទាត់សងថ្លៃជំពាក់ការចំណាយផ្សេងៗនោះ។

តាំងពីលោក កែម ឡី ទទួលមរណភាព គេតែងបានឃើញមេដឹកនាំគណបក្សប្រឆាំងទៅចូលរួមធ្វើសកម្មភាពក្នុងពិធីបុណ្យ និងកាងយក ផលចំណេញ លើសពថែមទៀតផង។ តែពេលក្រុមគ្រួសារសពរបស់លោក កែម ឡី ជួបទុក្ខលំបាកគេមិនឃើញថ្នាក់ដឹកនាំបក្សប្រឆាំង ចេញមុខជួយដោះស្រាយនោះឡើយ។

លោក កែម រិទ្ធិសិទ្ធ បានគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានចូលបច្ច័យសម្រាប់ការចំណាយផ្សេងៗ។ លោក កែម រិទ្ធិសិទ្ធ បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមានទឹកចិត្តសណ្តោសប្រណី ទោះបីមិនបានចេញមុខដោយចំហរ តែតែងតាមដានរាល់ទុក្ខលំបាក ក្រុមគ្រួសារលោក ហើយបានចូលបច្ច័យ ដើម្បីដោះស្រាយទុក្ខលំបាកភ្លាមៗ។

សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ គឺជាខួបគម្រប់មួយឆ្នាំ នៃមរណភាពរបស់លោក កែម ឡី ដែលត្រូវបានគេបាញ់ សម្លាប់នៅក្នុងស្ថានីយ ប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ស្ថិតក្នុងខណ្ឌចំការមន។ ពិធីបុណ្យគម្រប់ខួបមួយឆ្នាំ ដែលធ្វើឡើងនៅផ្ទះកំណើតរបស់លោកក្នុងភូមិអង់តាកុក ឃុំលាចបូរ ស្រុកត្រាំកក់ ខេត្តតាកែវ គេសង្កេតឃើញមានការអញ្ជើញចូលរួមបុណ្យសពជាច្រើនផង ដែរពីថ្នាក់ដឹកនាំគណបក្សប្រឆាំង មន្រ្តីអង្គការសង្គមស៊ីវិល ព្រមទាំងប្រជាពលរដ្ឋជិតឆ្ងាយ ដែលស្រឡាញ់ និងគោរពលោក កែម ឡី៕