(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ បានដឹកនាំប្រធាន អនុប្រធានមន្ទីរជំនាញពាក់ព័ន្ធមួយចំនួន ចុះពិនិត្យស្ថានភាពទឹកទន្លេសេសាន្ត នៅស្រុកវើនសៃ ក្រោយពីមានការបិទទំបន់វារីអគ្គិសនីសេសាន្តក្រោមពីរ នៅខេត្តស្ទឹងត្រែង និងពិនិត្យការងារបង្កបង្កើនផលស្រូវរដូវវស្សារបស់ប្រជាពលរដ្ឋ។
អភិបាលខេត្តរតនគិរី បានណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរស្រុកវើនសៃ ក៏ដូចជាស្រុកនៅជាប់តាមដងទន្លេសេសាន្ត និងទន្លេស្រែពក ត្រូវអប់រំណែនាំប្រជាពលរដ្ឋឲ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលដែលទប់ទំនប់វារីអគ្គិសនីសេសាន្តក្រោមពីរនេះបិទទ្វារទឹក។ ជាមួយគ្នានេះ កម្លាំងជំនាញទាំងអស់ ត្រូវត្រៀមកម្លាំងអន្តរាគមន៍ជួយប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ក្នុងករណីទឹកជន់ឡើងដោយកំហុកណាមួយ ហើយត្រូវសហការជាមួយស្រុកជាប់ព្រំប្រទល់ ជូនដំណឹងអំពីការប្រែប្រួលស្ថានភាពទឹក ឲ្យប្រជាពលរដ្ឋបានជ្រាប និង មានការប្រុងប្រយ័ត្នខ្ពស់។
បន្ទាប់ពីចុះពិនិត្យស្ថានភាពទឹកទន្លេសេសាន្តរួចមក លោក ថង សាវុន បានបន្តចុះពិនិត្យការងារបង្កបង្កើនផលស្រូវរដូវវស្សា របស់ប្រជាពលរដ្ឋនៅក្នុងស្រុកវើនសៃផងដែរ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឲ្យដឹងថា ការងារបង្ករបង្កើនផលស្រូវស្រែរដូវវស្សារបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកវើនសៃ ក៏ដូចជានៅទូទាំងខេត្តរតនគិរី គិតត្រឹមសប្តាហ៍ទី៣ ខែកក្កដានេះ អនុវត្តបាន ៦៤,៨៩% ស្មើ ១៧,០៦៦ហិកតា នៃផែនការសរុប ២៦,៣០០ហិកតា ក្នុងនោះស្រូវចំការដាំបុកសម្រេចបាន ១០,២១៥ហិកតា ស្មើ ៩២% ស្រូវស្រែអនុវត្តបាន ៦,៨៥១ហិកតា ស្មើ ៤៥% នៃផែនការ។
ដោយឡែកនៅរដូវវស្សានេះ អាកាសធាតុអំណោយផលល្អ ដល់ការងារបង្កបង្កើនផលស្រូវរបស់ប្រជាកសិករ ភ្លៀងធ្លាក់គ្រប់គ្រាន់គ្របដណ្តប់គ្រប់តំបន់ជាមួយគ្នានេះ ប្រព័ន្ធធារាសាស្ត្រមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់ស្រោចស្រពផ្ទៃដីរបស់ប្រជាពលរដ្ឋ។
យ៉ាងណាក៏ដោយ លោក ថង សាវុន បានណែនាំឲ្យមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីការប្រែប្រួលអាកាសធាតុ ស្ថានភាពទឹកទន្លេ និងទឹកភ្លៀងដល់ប្រជាពលរដ្ឋបានដឹង និង ត្រៀមលក្ខណៈគ្រប់គ្រាន់ ហើយត្រូវជំរុញការងារប្រពលវប្បកម្មដំណាំស្រូវតាមបែបទំនើបកម្ម ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានទិន្នផលខ្ពស់ និងបន្តផ្តល់បច្ចេកទេសកសិកម្មថ្មីៗ ដល់ប្រជាពលរដ្ឋជាប់ជានិច្ច ខិតខំកសាង និង ស្តារនូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រស្រោចស្រព និងដឹកជញ្ជូនគ្រប់ប្រភេទ ដែលបម្រើឲ្យការងារកសិកម្ម និង កសិឧស្សាហកម្មរបស់ប្រជាពលរដ្ឋ៕