(កំពង់ធំ)៖ ក្រុមហ៊ុនខេមបូឌា ម៉ូធ័រវីហ៊ីឃល អ៊ិនស្ពេកសិន ដែលសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ បានបញ្ចប់ការចុះធ្វើឈៀក ដោយប្រើម៉ាស៊ីនចល័ត ជូនបងប្អូនប្រជាពលរដ្ឋហើយ ក្រោយដាក់ដំណើរការអស់រយៈពេលជិត២សប្តាហ៍កន្លងមកនេះ។
លោក ទូច សាឡី ប្រធានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឈៀកចល័ត បានឲ្យដឹងថា ក្នុងការចុះធ្វើឈៀកចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះមាន យាន្តយន្តមកធ្វើឈៀកសរុប២៣៥គ្រឿង ហើយការធ្វើឈៀកដោយប្រើប្រាស់ម៉ាស៊ីនចល័តរបស់ ក្រុមហ៊ុន គឺមានលក្ខណៈពិសេស៨ចំណុច រួមមាន៖ ធ្វើការតេស្តភ្លើង ហ្វា-កូត តេស្តស៊ីប្លេ តេស្តផ្សែងប្រេងសាំង តេស្តកផ្សែងប្រេងម៉ាស៊ូត តេស្តមុំកង់ ពិនិត្យទម្ងន់ ប្រព័ន្ធហ្វ្រាំង និងថ្លឹងនូវទម្ងន់។
លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានបញ្ជាក់ពីសារប្រយោជន៍នៃការធ្វើចុះធ្វើឈៀក ដោយប្រើប្រាស់ម៉ាស៊ីនចល័តថា ការធ្វើឈៀក គឺពិតជាមានសារសំខាន់ណាស់ ធ្វើឲ្យដឹងពីចំនួនយានយន្តដែលប្រើប្រាស់នៅខេត្តកំពង់ធំ ក៏ដូចជាការគ្រប់គ្រងចំនួនយាន្តទូទាំងប្រទេសដែរ ឬក៏អាចនិយាយបានថា វាជាការជំរឿនចំនួនយាន្តយន្ត។ មួយវិញទៀត ក៏អាចកាត់បន្ថយនូវយាន្តយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដឹងពីភាពមិនប្រក្រតី ដែលនាំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ ដែលនាំឲ្យមានការកើនឡើង នៃគ្រោះថ្នាក់ចរាចរណ៍ លើសពីនេះទៅទៀតវាជាផ្នែកមួយ ក្នុងការជួយថែរក្សានូវផ្លូវថ្នល់ផងដែរ។
លោកបន្តថា សារប្រយោជន៍ដ៏សំខាន់ចំពោះបងប្អូន ប្រជាពលរដ្ឋមួយទៀតនោះ គឺកាត់បន្ថយនូវការចំណាយពេលវេលា ថវិកា ក្នុងការធ្វើដំណើរ ព្រោះកាលពីមុនការធ្វើឆៀក ត្រូវទៅខេត្តកំពង់ចាម សៀមរាម ឬភ្នំពេញ តែនៅពេលនេះ ក្រុមហ៊ុនខេមបូឌា ម៉ូធ័រវីហ៊ីឃល អ៊ិនស្ពេកសិន រួមជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ធ្វើកិច្ចសហការគ្នាយ៉ាងស្អិតរមួត ក្នុងការបំពេញនូវកាត្វកិច្ច នៃការបម្រើរសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋឲ្យបានគ្រប់ជ្រុងជ្រោយ។
លោក ជូ កុល្លា សំណូមពរដល់បងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ និងអនុវត្តន៍តាម លក្ខណៈបច្ចេកទេសយាន្តយន្តឲ្យបានគ្រប់ៗគ្នា ក្នុងគោលបំណងជួយថែរក្សា សន្តិសុខ និងសណ្តាប់ធ្នាប់ ចរាចរណ៍ផ្លូវគោកផងដែរ៕