(កោះកុង)៖ លោកសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា បានជំរុញឲ្យក្រុមគ្រូពេទ្យទាំងអស់ ត្រូវយកចិត្តទុកដាក់លើអ្នកជំងឺ មិនត្រូវមានការធ្វេសប្រហែសឡើយ ហើយត្រូវអនុវត្តន៍ទៅតាមតួនាទីក្រមសីលធម៌ និងភារកិច្ចរបស់ខ្លួន ដើម្បីបម្រើដល់ប្រជាពលរដ្ឋ។
លោកសាស្រ្តចារ្យ ធា គ្រុយ ថ្លែងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញ ចូលរួមប្រជុំក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្រ្តបន្តលើកទី២ ក្នុងខេត្តកោះកុង នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ។
លោកសាស្រ្តចារ្យ ធា គ្រុយ បានសង្កត់ធ្ងន់ៗថា «ក្រុមគ្រូពេទ្យទាំងអស់ត្រូវគោរពទៅតាមវិជ្ជាជីវៈ បំពេញកាតព្វកិច្ចរបស់ខ្លួនំ ឲ្យក្លាយជាលោកគ្រូ អ្នកគ្រូពេទ្យដ៏ល្អ ដើម្បីព្យាបាលជំងឺរបស់ប្រជាពលរដ្ឋឲ្យអស់ពីលទ្ធភាព ហើយត្រូវយកចិត្តទុកដាក់ មើលពីស្ថានភាពអ្នកជំងឺ មិនចេះតែមើលឲ្យរួចខ្លួនទេ ហើយមិនត្រូវវិនិច្ឆ័យមេរោគបំភ័យអ្នកជំងឺឡើយ ឬក៏ដើម្បីផលប្រយោជន៍នោះទេ។ យើងជាក្រុមគ្រូពេទ្យ ត្រូវនិយាយការពិតជូនអ្នកជំងឺថា គាត់មានរោគនេះ ឬរោគនោះ ឲ្យពិតប្រាដក មិនថាពេទ្យរដ្ឋ ឬគ្លិនិកឯកជននោះទេ»។
លោកសាស្រ្តចារ្យ បានបញ្ជាក់ថា «ក្រុមគ្រូពេទ្យ និងប៉ូលីសចរាចរណ៍មិនខុសគ្នា បើអ្នកបើកបរខុសច្បាប់ចរាចរណ៍ សមត្ថកិច្ចបានបញ្ជាក់ប្រាប់អ្នកបើកបរថា បងបើកបរខុសនេះ ខុសនោះ តម្រូវឲ្យគាត់ដឹងច្បាស់។ ចំណែកក្រុមគ្រូពេទ្យក៏ដូចគ្នាដែរ ពូ មីង បងប្អូន ការធ្វើរោគវិនិច្ឆ័យបញ្ជាក់ឃើញថា មានរោគនេះ ឬរោគនោះដូចតែគ្នា នឹងសមត្ថចរាចរណ៍ផងដែរ»។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល ខេត្តកោះកុង បានថ្លែងថា ក្រុមគ្រូពេទ្យខេត្តកោះកុង ក្នុងមួយរយៈពេលនេះ មានការមមាញឹកក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងផ្នែកវិស័យសុខាភិបាល ព្យាបាលអ្នកជំជឺដែលមានស្ថានភាពធ្ងន់ស្រាល ទៅតាមប្រភេទជំងឺ មិនធ្វើឲ្យប្រជាពលរដ្ឋខកបំណងឡើយ ហើយម៉្យាងទៀត បើមានអ្នកជំងឺនៅតាមមូលដ្ឋានឆ្ងាយៗ ដែលគ្មានលទ្ធភាព ធ្វើដំណើរមកធ្វើការព្យាបាលនៅមន្ទីរពេទ្យ, ក្រុមគ្រូពេទ្យបានយករថយន្ត ទៅដឹកពួកគាត់យកមកព្យាបាល ឲ្យទាន់ពេលវេលាដោយមិនតម្រូវឲ្យគាត់ បង់ថ្លៃសេវាអ្វីឡើយ។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានបន្តថា កន្លងមកក្រុមគ្រូពេទ្យខេត្តកោះកុង បានបរិច្ចាគឈាមជាច្រើនលើកជួយដល់ជំងឺដែលពួកគាត់ ហើយមិនថា ការធ្វើដំណើរទៅទទួលអ្នកជំងឺផ្លូវទឹក ផ្លូវគោក ខ្យល់ភ្លៀងយ៉ាងណានោះទេ ឲ្យតែទទួលបានព័ត៌មាន ក្រុមគ្រូពេទ្យទៅដល់ទីនោះភ្លាមៗ ដោយមិនទុកឲ្យពួកគាត់ជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ និងដោយមិនប្រកាន់ ជាតិសាសន៍ សាសនា និងពណ៌សម្បុរឡើយ៕