(កំពង់ស្ពឺ)៖ រថយន្តយីឌុបមួយគ្រឿងដែលដឹកដែកអង់តែន ហើយលួចបង្កប់ឈើប្រណីតប្រភេទធ្នង់ពីក្រោមរាប់សិបដុំ ត្រូវបានក្រុមការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការបង្ក្រាបបាន ខណៈរថយន្តនេះ បើកចេញពីតំបន់ឱរ៉ាល់ឆ្ពោះមករាជធានីភ្នំពេញ។
ការបង្ក្រាបរថយន្តយីឌុបប្រភេទភ្លៅ៥លួចដឹកឈើប្រណីតខាងលើនេះ បានប្រព្រឹត្តទៅនៅវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ នៅលើកំណាត់ផ្លូវជាតិស្ថិតក្នុងភូមិដង្វិត ឃុំវាលពង់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ អុំ វណ្ណាដែលបានដឹកនាំមន្ត្រីចុះធ្វើការបង្ក្រាបបទល្មើសដឹកជញ្ជូនឈើប្រណីតខាងលើនេះ បានអោយដឹងថា បន្ទាប់ពីមានកម្លាំងសម្ងាត់រាយការណ៍ទៅក្រុមការងារបេសកកម្មស្រាវជ្រាវ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានលោកឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរងជាប្រធានរួចមក កម្លាំងរបស់លោកក៏បានចុះពួនស្ទាក់ធ្វើការឃាត់ត្រួតពិនិត្យក៏រកឃើញបទល្មើសជាក់ស្ដែងតែម្ដងទៅ។
បច្ចុប្បន្ន វត្ថុតាងបទល្មើសត្រូវបានកម្លាំងបង្ក្រាបប្រគល់ទៅអោយខាងរដ្ឋបាលព្រៃឈើដើម្បីធ្វើការវាស់វែងនិងមានចំណាត់ការបន្តទៅតាមច្បាប់៕