(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ទោ អឿ សាវ៉ន នាយកសាលាកំបូល បានថ្លែងដាស់តឿនដល់សិក្ខាកាមជានាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺថា មុនសម្រេច ឬការវិនិច្ឆ័យអ្វីមួយគួរតែពន្យាពេលបន្តិច កាន់តែល្អហើយកុំឲ្យតម្លៃមនុស្ស ទៅតាមការប្រៀបធៀបរបស់អ្នកដទៃឲ្យសោះ គឺត្រូវវាងតម្លៃអ្វី ទៅតាមការពិត និងចំណេះដឹងពិតប្រាកដរបស់ខ្លួន។
លោកឧត្តមសេនីយ៍ទោ អឿ សាវ៉ន លើកឡើងបែបនេះ ខណៈដែលលោកបានអញ្ជើញធ្វើបើកវគ្គបំប៉នជំនាញការអភិវឌ្ឍន៍ និងភាពជាអ្នកដឹកនាំ ដល់កងរាជអាវុធហត្ថ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងសិក្ខាកាមជានាយទាហាន នាយទាហានរងប្រមាណ១០០នាក់ នៅក្នុងបញ្ជការដា្ឋនកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ទោ អឿ សាវ៉ន បានបន្តថា ថ្ងៃនេះយើងបានជួបគ្នាយើងបានទទួលចំណេះពីគ្នាទៅវិញទៅមកហើយជឿជាក់ថាកងរាជអាវុធហត្ថ និងមានអ្វីប្លែកបន្តិចម្នាក់ៗ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងឋានៈលោកគ្រូយោធាចារ្យ ដែលបានមកធ្វើបទបង្ហាញអំពីការអភិវឌ្ឍន៍គំនិត និងភាពជាថ្នាក់ដឹកនាំនៅថ្ងៃនេះ ជូនដល់នាយទាហាន និងនាយទាហានរងទាំងអស់គ្នាក្នុឱកាសនេះ។
លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា នៅក្នុងមេរៀនភាពជាអ្នកដឹកនាំ យើងជាមន្ត្រីអនុវត្តច្បាប់មុន និងសម្រេចវិនិច្ឆ័យកិច្ចការសំខាន់ គួរណាស់តែយើងពន្យាពេលបន្តិច ដូចគ្នាទៅនិងបើយើងអ្នកណាមួយ យើងគ្រាន់ពន្យាពេលឲ្យយូរបន្តិចកំហឹងយើង និងស្ងប់ទៅវិញ ហើយអាចបាត់ខឹងទៅវិញតែម្តង ហើយមនុស្សមិនត្រូវវាយតម្លៃមនុស្សទៅតាមការប្រៀបធៀបរបស់អ្នកដទៃម្នាក់បានទេ។
ជាការពិតណាស់មនុស្សម្នាក់ៗកើតមកសុទ្ធតែមានជំនាញពីកំណើតរៀងៗខ្លួនបើទោះអ្នកនោះមិនអក្សរ មិនចេះលេខ មិនចេះការងារផ្សេងតែគេចេះ ងូតទឹក ដុសធ្មេញ និងឆ្លុះកញ្ចក់ផងដែរ។ មនុស្សរាល់ថ្ងៃបានផ្តល់ចំណីដល់ផ្លូវកាយជាប្រចាំតែបើមនុស្សយើងមិនបានផ្តល់ ឲ្យចំណីផ្លូវចិត្តយើងទេនោះយើង នឹងខ្វះការពិចារណាខុសត្រូវបែងចែកល្អ និងអាក្រក់ឲ្យត្រឹមត្រូវឡើយ។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានថ្លែងប្រាប់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថជាសិក្ខាកាមថា មេរៀនការអភិវឌ្ឍន៍គំនិត និងភាពជាថ្នាក់ដឹកនាំ មានសារៈសំខាន់ណាស់ក្នុងការពង្រឹងគោលជំហរ សតិអារម្មណ៍ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថគ្រប់រូប ជាពិសេសបង្កើនការយល់ដឹងទាំងគំនិត ប្រាជ្ញាស្មារតី ដើម្បីអភិវឌ្ឍន៍សមត្ថភាពការងារ ក្នុងការគ្រប់គ្រងដឹកនាំប្រកបដោយប្រសិទ្ធភាព។
លោកមេបញ្ជាការបានបន្តថា យើងមានពេលត្រឹមតែ១ថ្ងៃ អំពីការអភិវឌ្ឍន៍គំនិត និងភាពជាថ្នាក់ដឹកនាំ ក្នុងវគ្គបំប៉នជំនាញនេះ គឺមានរយៈពេលខ្លីណាស់ដូច្នេះសិក្ខាកាម និងនាយទាហាន នាយទាហានរង នៃកងរាជ អាវុធហត្ថខេត្តទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ស្តាប់ សិក្សារៀនសូត្រ និងកត់ត្រាគ្រប់ខ្លឹមសារមេរៀន និងហ៊ានសួរលោកគ្រូយោធាចារ្យដើម្បីបង្កើនចំណេះដឹងរបស់ខ្លួនបានមួយកម្រិតថែមទៀត៕