(បន្ទាយមានជ័យ)៖ ក្មេងប្រុសម្នាក់ជាសិស្សសាលា ត្រូវបានគោយន្តកន្ត្រៃយ៍ កិនពាក់កណ្តាលខ្លួនបណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័ម ខណៈកុមារគ្រោះតោងកន្ទួយគោយន្ត កំពុងធ្វើដំណើរ នាល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញ នៅលើកំណាត់ផ្លូវលំ ស្ថិតក្នុងភូមិអូរស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចមូលដ្ឋានបានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តបន្ទាយមានជ័យថា ក្មេងប្រុសរងគ្រោះមានឈ្មោះ វី ចាន់នី អាយុ១២ឆ្នាំ រៀននៅថ្នាក់ទី៤ នៃសាលាបឋមសិក្សាអូស្ងួត បច្ចុប្បន្នរស់នៅភូមិចង្ហាលិចក្នុងឃុំបន្ទាយនាង។
តាមព័ត៌មានពីមិត្តភក្តិរបស់ក្មេងប្រុសរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គឺពួកគេទាំងអស់គ្នាបានជិះកង់ចេញពីសាលាលុះជិះឡើង ដល់ថ្នល់ជាតិ ជួនចំពេលមានគោយន្តកន្ត្រៃយ៍បើកមកដល់ឃើញដូច្នេះមិត្តរបស់គេឈ្មោះ ចាន់នី ជាជនរងគ្រោះក៏បានតោងកន្ទុយគោយន្តនោះ រហូតមកដល់ចំណុចកើតហេតុស្រាប់តែគោយន្តកន្តៃ្រយ៍បានបត់យ៉ាងលឿនចុះពីលើថ្នល់ជាតិហើយកន្ទុយគោយន្តបានបោកមកលើក្មេងប្រុសរងគ្រោះបណ្តាលឲ្យដួលកង់ហើយក្មេងប្រុស ចាន់នី បានខ្ទាតចូលទៅក្រោមកង់រ៉ុម៉កគោយន្តកន្ត្រៃយ៍នោះបានកិនចំពាក់កណ្តាលខ្លួនឲ្យស្លាប់ភ្លាមៗ មួយរំពេច។
សាក្សីនៅកន្លែងកើតហេតុ បានបន្តថា បន្ទាប់ពីបង្កហេតុអ្នកបើកបរគោយន្តកន្ត្រៃយ៍ បានបន្ថែមល្បឿនបើករត់ចេញពីកន្លែងកើតហេតុ ប្រហែលជិតមួយគីឡូម៉ែត្រ ទើបចុះរត់គេចខ្លួនបាត់។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការវាស់វែង នឹងរឹបអូសវត្ថុតាង បង្កយកមករក្សាទុករងចាំម្ចាស់ចូលខ្លួនមកដោះស្រាយពេលក្រោយ រីឯសពប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕